ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួស
បាក់ជេីងទាំងសងខាងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូរអិលដួលត្រូវរថយន្តកុងតឺន័រកិនស្លាប់កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ខឿន វណ្ណាដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំផ្សារព្រៃទទឹង ខេត្តកំពង់ស្ពឺ មានស្រុកកំណេីតនៅខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1O-1565 ដោយមានបុរសម្នាក់ទៀតជាអ្នកឌុប ធ្វេីដំណេីរតាមបណ្តោយផ្លូវឈ្នះ =ឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុក៏បានកៀរផ្លូវរអិលដួលទៅលើថ្នល់ស្របពេលរថយន្តកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ3B-3429 មកពីក្រោយកិនបណ្តាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។
បេីតាមការបង្ហេីបពីម្តាយមីងជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទេីបតែមកពីខេត្តកំពង់ឆ្នាំងដេីម្បីរៀបចំធ្វេីបុណ្យ៧ថ្ងៃជូនម្តាយដែលទេីបនឹងស្លាប់ ហេីយគោលបំណងជិះទៅលេងមិត្តភក្តិនៅម្តុំភ្នំប្រសិទ្ធិ៍ តែមិនទាន់ដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕