កាលពីថ្ងៃទី១៨ ខែសីហា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសម្រេចបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាលេខ២ ដែលតភ្ជាប់ស្រុក Maesot របស់ប្រទេសថៃជាមួយស្រុក Myawaddy របស់មីយ៉ាន់ម៉ា។
រដ្ឋាភិបាលស្រុក Myawaddy ក្នុងរដ្ឋ Kayin កាលពីម្សិលមិញ (១៨ សីហា) បានបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាលេខ ២ ដោយបញ្ឈប់ការធ្វើពាណិជ្ជកម្មតាមព្រំដែន និងមិនអនុញ្ញាតឱ្យរថយន្តធុនធំឆ្លងកាត់តាមច្រកព្រំដែន។
ប្រព័ន្ធផ្សព្វផ្សាយថៃបានបន្ថែមថា ចំណាត់ការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានេះគឺដើម្បីពង្រឹងការគ្រប់គ្រងលើពាណិជ្ជកម្មតាមព្រំដែន និងកម្រិតឥទ្ធិពលរបស់ក្រុមប្រដាប់អាវុធនៅក្នុងតំបន់។
ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាលេខ២ គឺជាផ្លូវពាណិជ្ជកម្មព្រំដែនដ៏សំខាន់រវាងប្រទេសទាំងពីរ។ តម្លៃនៃការផ្លាស់ប្តូរពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណថាមានច្រើនជាង 100 ពាន់លានបាតក្នុង១ឆ្នាំ (ស្មើនឹងប្រហែល 3 ពាន់លានដុល្លារក្នុង១ឆ្នាំ)។ ការបិទច្រកទ្វារព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ាបានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនដឹកជញ្ជូន និងពាណិជ្ជករនៃប្រទេសទាំងពីរ។
ក្នុងស្ថានភាពនេះ សភាពាណិជ្ជកម្មខេត្តថៃតាក់បានកោះប្រជុំបន្ទាន់មួយកាលពីម្សិលមិញដើម្បីពិភាក្សានិងវាយតម្លៃពីផលប៉ះពាល់នៃការបិទព្រំដែន។ ទីភ្នាក់ងារនេះក៏បានស្នើឲ្យក្រសួងពាណិជ្ជកម្មថៃពិភាក្សាជាបន្ទាន់និងចរចាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីរកដំណោះស្រាយ៕ ដោយធីរីណា
រូបថត:VOV