ខេត្តកណ្តាល ÷ តៃកុងងោកមួយភាំង ភ្ញាក់ខ្លួនជើងជាន់ហ្វ្រាំង ក្នុងល្បឿនមធ្យម បណ្តាលឱ្យរេចង្កូតមកស្តាំ ក្រឡាប់ផ្ងារ ជើងជះបាវស្រូវទម្ងន់ជាង២៥តោនចូលក្នុង ប្រឡាយទាំងអស់និងបណ្តាលឱ្យបាក់ បង្គោលថ្មសុវត្ថិភាពអស់ចំនួន១៣ដើម និងបង្គោលសសរភ្លើងទំហំមួយអោប សម្រាប់ទម្រខ្សែអគ្គីសនីទ្រេត១ដើម។ ចំណែករថយន្តរងការខូចខាតធ្ងន់ផ្នែកកាប៊ីនមុខ រីឯតៃកុងរងរបួស ត្រូវសាច់ញ្ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥ នៅចំណុចលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ខាងលិចភ្លើងស្តុបសិត្បូប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីបងប្អូនតៃកុងរថយន្ត បានប្រាប់យ៉ាងប្រញាប់ប្រញ៉ាល់ថា បុរសជាតៃកុងរថយន្ត មានទីលំនៅក្នុងភូមិស្រែអំពិល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល (មិនបានប្រាប់ឈ្មោះ ) បើកបររថយន្តម៉ាក HYUNDAI ក្បាលរថយន្តពាក់ស្លាកលេខ ព្រះសីហនុ 3A- 6224 និងកន្ទុយសណ្តោងពាក់ស្លាកលេខព្រះសីហនុ 4A- 3920 បានទៅទិញស្រូវនៅខេត្តបាត់ដំបង ប្រមាណ ជាង២៥តោន ហើយត្រូវដឹកមកទាំងយប់ដើម្បីយកទៅលក់បន្តនៅច្រក បន្ទាយចក្រី ខេត្តព្រៃវែង ដោយបើកបរទាំងយប់(ទិសដៅពីលិចទៅកើត)។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានងោកងុយមួយភាំង ដោយរថយន្តមានល្បឿនមធ្យមក៏ភ្ញាក់ជាន់ហ្វ្រាំង បណ្តាលឱ្យរថយន្តរេចង្កូត មកខាងស្តំារបុករះសរសរបង្គោលថ្មសុវត្ថិភាព បាក់រាបដល់ដីអស់ចំនួន ១៣ដើម និងបន្តជ្រុលទៅកៀបផ្នែកក្បាលរថយន្តជាប់នឹងសរសរថ្មទំហំមួយអោបសម្រាប់ទម្រខ្សែអគ្គីសនីតាមបណ្តោយផ្លូវចំនួន០១ដើមទៅមុខលែងរួច ។
លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ និងជំនាញចរាចរណ៍ជើងគោករបស់ក្រុងតាខ្មៅ ចេញអន្តរាគមន៏ជួយ ហៅរថយន្តស្ទូចយករថយន្តរងគ្រោះឡើងមកលើចិញ្ចើមផ្លូវ ហើយចំពោះការខូចខាតសម្បត្តិសាធារណរបស់រដ្ឋគឺខាងតំណាងម្ចាស់រថយន្តបានទទួលកំហុសនិងយល់ព្រមដោះស្រាយសងសំណងជូនផ្នែកជំនាញទាំងខាងបង្គោលសុវត្ថិភាពនិងបង្គោលសរសរទម្រខ្សែអគ្គីសនីរួចរាល់អស់ហើយ។ ចំនែកសមត្ថកិច្ចក៏បានប្រគល់រថយន្តរងគ្រោះ ជូនតំណាងម្ចាស់រថយន្តយកទៅធ្វើការជួសជុលដោយខ្លួនឯង ៕