ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ដែលការគោរពវិញាណក្ខន្ធនេះ គឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរកងទ័ព ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។
លោកស្រីបណ្ឌិតក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារយុទ្ធជនដែលបានពលីក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា និងសូមវីញាណក្ខន្ធវីរកងទ័ពបានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកស្រីបណ្ឌិតក៏បានលើកឡើងផងដែរ អំពីវីរភាពវីរកងទ័ពដែលបានធ្វើសម្រាប់ជាតិនិងប្រជាជនកម្ពុជា ហើយជាគំរូសម្រាប់បញ្ជាក់ពីការលះបង់ និងមនសិការស្នេហាជាតិគ្មានថ្ងៃនឹងបំភ្លេចបាន។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាចូលបុណ្យសពជូនដល់ក្រុមគ្រួសារសពដើម្បីជាការចូលរួមបុណ្យ ក៏ដូចជាការសម្រាលបន្ទុកនៃការរស់នៅប្រចាំថ្ងៃបន្ត ព្រមទាំងមានការផ្តល់នូវការគិតគូរមួយចំនួនបន្ថែមទៀតផងដែរ៕ដោយ៖តារា