ភ្នំពេញ ៖ ហួសចិត្ត ! ថៃបន្តថតសម្តែងឈុតទី២ ទាំងរូបថត និងវីដេអូនៃការដាក់មីនដើម្បីមួលបង្កាច់ និងចោទប្រកាន់កម្ពុជា តើគេមានសារជាតិជាអ្វី ឱ្យពិតប្រាកដ ?
សូមបញ្ជាក់ថា ៖ ក្រោយពីរៀបចំឈុតឆាកសម្តែងវីដេអូទី១ ដើម្បីចោទប្រកាន់និងមួលបង្កាច់ថា កងទ័ពកម្ពុជាដាក់មីនមិនទទួលបានជោគជ័យ, ឥឡូវនេះ ភាគីថៃបានព្យាយាមថតសម្តែងឈុតទី២ ដែលមានទាំងរូបថត និងវីដេអូនៃការដាក់មីនដើម្បីបង្កើតជាលេសថ្មីទៀតដើម្បីចោទកម្ពុជា។
យោងតាមអ្នកជំនាញ ទាំងវីដេអូ និងរូបថតដែលកងទ័ពថៃបានបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយថៃជារូបភាពដែលចេញមកពីការរៀបចំឈុតឆាកសម្តែងសុទ្ធសាធដើម្បីពួកគេបានរូបភាពយកមកចោទកងទ័ពកម្ពុជាដូចដែលពួកគេធ្លាប់បានធ្វើពីមុនមក ដើម្បីមួលបង្កាច់ ចោទប្រកាន់ កងទ័ពកម្ពុជាថាដាក់មីនថ្មី ដើម្បីពួកគេបានជាលេសក្នុងការធ្វើសកម្មភាពឈ្លាពានប្រដាប់អាវុធ។
អ្នកជំនាញបានលើកឡើងថា បើជាការលួចដាក់មីនមែន មិនមែនមានអ្នកចាំថតវីដេអូបន្សល់ទុកភស្តុតាងនោះទេ។ បើជាលួចដាក់មីនមែន មិនមែនធ្វើតាមសម្រួលនោះទេ ប្រាកដជាមានភាពប្រុងប្រយ័ត្នខ្ពស់និងរហ័សរហួនបំផុត។ ជារួម ទាំងវីដេអូនិងរូបថតដែលភាគីថៃចោទប្រកាន់ថាកងទ័ពកម្ពុជាលួចដាក់មីន ជាការរៀបចំឆាកសម្តែងដើម្បីថតជារូបភាពសម្រាប់ការចោទប្រកាន់មកលើកងទ័ពកម្ពុជា។ ជនជាតិថៃដែលជាខ្មែរសុរិន្ទអាចនិយាយខ្មែរបានយ៉ាងច្បាស់។ សម្លៀកបំពាក់កងទ័ពកម្ពុជា ក្រម៉ានិងសម្ភារផ្សេងទៀតអាចរកបាននៅលើទីផ្សារថៃបានយ៉ាងងាយបំផុត។
អ្នកជំនាញថា ភាគីថៃពូកែសម្តែងណាស់ បញ្ចេញវីដេអូទី១ គេមិនជឿ រៀបចំឈុតឆាកសម្តែងដាក់មីនដើម្បីថតផ្សព្វផ្សាយមួលបង្កាច់ម្តងទៀត។ ប៉ុន្តែនៅតែសាធារណមតិមិនជឿដដែល។
ចំណាំ ៖ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមនាំគ្នាប្រើប្រាស់បណ្តាញទំនាក់ទំនង CoolApp របស់ខ្មែរដើម្បីបង្ហាញពីជាតិនិយមរបស់យើង និងសុវត្ថិភាពក្នុងដែនប្រទេសកម្ពុជាយើង !
ដោយឡែក អាជ្ញាធរមីន រៀបចំសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន រួចហើយ ! នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ “កម្ពុជា ប្រទេសស្រលាញ់សន្តិភាព”។
កម្ពុជាសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃដែលថាកម្ពុជាដាក់មីនថ្មី។ ភាគីថៃបានយកវិស័យមីនបង្កឲ្យមានការឈ្លានពានលើទឹកដីកម្ពុជា។
មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ នៅលើពិភពលោកនេះ កម្ពុជាគឺជាប្រទេសនាំមុខគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រាប់មីន។
កម្ពុជាសូមអំពាវនាវដល់ភាគីថៃឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់មានមីន បន្សល់ពីសង្គ្រាមជម្លោះផ្ទៃក្នុងរបស់កម្ពុជា, បើនៅតែដើរចូលអាចគ្រោះថ្នាក់។
កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ចប់មហិច្ឆិតាបំពានកម្ពុជា ងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាង និងរួមគ្នាដើម្បីកសាងលើកម្ពស់ ជីវភាពរបស់នៅរបស់ប្រជាជនទាំងសងខាងនាពេលអនាគត។
កម្ពុជានៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោសសំអាតមីន នៅពេលវិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នាពីបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ៕
ដោយ ៖ សិលា