ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហោះលើផេកផ្លូវការរបស់លោកយ៉ាងដូច្នេះថា ៖ ខ្ញុំសូមជម្រាបជូនសាធារណៈជន និងបងប្អូនក្នុងបណ្តាញសង្គមដើម្បីជូនជ្រាប៖
-ខ្ញុំសង្កេតឃើញថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ ។
-ខ្ញុំសូមបញ្ជាក់ថា ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្តថា ៖ ជារួមគួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ។
ខ្ញុំស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម ៕
ដោយ ៖ សិលា