ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation បានឱ្យដឹងថា ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jatuporn Buruspat បាននិយាយនៅថ្ងៃពុធ ទី២០ ខែសីហាថា មីយ៉ាន់ម៉ាបានបិទព្រំដែនជាបណ្ដោះអាសន្នរវាងទីក្រុង Myawaddy និងទីក្រុង Mae Sot ដើម្បីធ្វើអធិការកិច្ច ខណៈអាជ្ញាធរមីយ៉ាន់ម៉ា កំពុងដឹកនាំការត្រួតពិនិត្យលើការនាំចូលទំនិញ និងបង្កើនកិច្ចប្រឹងប្រែងបង្ក្រាបលើការរត់ពន្ធ ជាហេតុធ្វើឱ្យរថយន្ដ និងនាវាដឹកទំនិញជាច្រើនត្រូវជាប់គាំងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ។
សារព័ត៌មានថៃ The Nation ដដែលបានបបញ្ជាក់ថា ៖ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ក្នុងទីក្រុង Yangon ដែលបានពិភាក្សាជាមួយក្រុមហ៊ុនឯកជននានា និងបណ្ដាក្រុមហ៊ុនឡូជីស្ទីគ វាមានការរំពឹងថា ព្រំដែននឹងបើកឡើងវិញប្រហែលជានៅថ្ងៃទី២១ ខែសីហា។ បន្ថែមពីលើនេះ មីយ៉ាន់ម៉ានឹងពង្រឹងវិធានការប្រឆាំងនឹងការរត់ពន្ធ ក្នុងនោះរួមមានការរឹតបន្តឹងត្រួតពិនិត្យលើអាជ្ញាបណ្ណនាំចូល។
«ដើម្បីដោះស្រាយបញ្ហាទំនិញថៃជាបន្ទាន់ដែលកំពុងជាប់គាំងនៅព្រំដែន ខ្ញុំបានណែនាំឱ្យនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសជួបជាមួយ អនុព័ន្ធពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា ក្នុងប្រទេសថៃ»។ នេះជាការគូសបញ្ជាក់របស់លោក Jatuporn Buruspat ដោយបន្ថែមថា «រាល់មុខទំនិញថៃដែលនាំចូលមីយ៉ាន់ម៉ា នឹងតម្រូវឱ្យមានអាជ្ញាបណ្ណនាំចូលត្រឹមត្រូវ ស្របទៅតាមច្បាប់របស់មីយ៉ាន់ម៉ា»។
គួរបញ្ជាក់ថា បើតាមភាគីថៃ មីយ៉ាន់ម៉ា បិទព្រំដែនព្រំដែនរវាងទីក្រុង Myawaddy និងទីក្រុង Mae Sot ព្រមទាំងបិទស្ពានមិត្តភាពលេខ២ថៃ-មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែសីហា ដោយមិនបានជូនដំណឹងជាមុន បានធ្វើឱ្យទំនិញថៃជាច្រើនត្រូវកកស្ទះនៅតាមប៉ុស្ដិ៍ព្រំដែន។
ដោយឡែក ប្រទេសហ្វីលីពីនសម្រេចបិទការនាំចូលទំនិញស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ចំណាត់ការរបស់ហ្វីលីពីននេះធ្វើឡើងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។ក្រៅពីប្រទេសថៃក៏មានបណ្តាលប្រទេសមួយចំនួនទៀតប្រឈមមុខដូចគ្នាក្នុងការផ្អាកទិញអង្ករ និងនាំចូលអង្ករចូលហ្វីលីពីនរយៈពេល ៦០ ថ្ងៃដូចគ្នា៕
ប្រភព ៖ (The Nation )