ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ប្រើប្រាស់ថ្នាំញៀនជាប្រចាំរហូតមានសភាពវង្វេងវង្វាន់ស្មារតី ហើយយកដែកកេះមកកេះដុតផ្ទះរបស់ម្តាយឆេះខ្ទេច ត្រូវម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះម្តាយ ក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា ជនសង្ស័យជាកូនស្រីមានឈ្មោះ ឡាច សុគន្ធា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ សមត្ថកិច្ចបានដកហូតដែកកេះចំនួន១ ពណ៌លឿងនិងខូចខាតផ្ទះតៀមធ្វើពីថ្មប្រក់ដំបូលស័ង្កសីចំនួន០១ខ្នង ។
ចំណែកស្ត្រីជាម្តាយជាជនរងគ្រោះឈ្មោះ ប៉ាត់ ហាន អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីម្តាយបង្កើតរបស់ជនសង្ស័យបានឱ្យដឹងថា កូនស្រីរបស់គាត់តែងតែប្រើប្រាស់ថ្នាំញៀនជាប្រចាំ និងប្រើអំពើហិង្សាអុកឡុកអ្នកផ្ទះជារៀងរាល់ថ្ងៃ។ លុះមកដល់វេលាម៉ោង ១១ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ពេលជនសង្ស័យមកពីប្រើប្រាស់ថ្នាំញៀន វិញមានសភាពបែកថ្នាំ វង្វេងវង្វាន់ស្មារតីហើយបានយកដែកកេះមកកេះដុតផ្ទះរបស់ម្តាយបង្កើតឆេះដំបូល អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាយកទឹកមកជួយបាញ់និងជះពន្លត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះជាម្តាយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ដើម្បីឃាត់ខ្លួនជនសង្ស័យជាកូនរួមទាំងវត្ថុតាងយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀន រួចមានសភាពបែកហើយបានធ្វើសកម្មភាពយកដែកកេះមកកេះដុតផ្ទះរបស់ជនរងគ្រោះត្រូវជាម្តាយឆេះដំបូលអស់ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕