តារាអូឡាំពិកដ៏ស្រស់ស្អាតម្នាក់ត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតរយៈពេលបួនឆ្នាំ។
Maryna Bekh-Romanchuk គឺជាកីឡាការិនីអូឡាំពិកបីសម័យកាល ប៉ុន្តែពេលនេះនាងនឹងត្រូវវិលត្រលប់មកចាប់អាជីពជាតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមវិញ។
កីឡាការិនីជនជាតិអ៊ុយក្រែនវ័យ៣០ឆ្នាំនេះបានឈ្នះមេដាយប្រាក់មួយក្នុងការប្រកួតជើងឯកពិភពលោកក្នុងការលោតវែង និងការលោតបីដង។ ប៉ុន្តែនាងត្រូវបានតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ហើយការហាមប្រាមរបស់នាងបានធ្វើឡើង បើទោះបីជាអង្គភាពសុចរិតភាពអត្តពលកម្មផ្តល់ឱ្យនាងរហូតដល់ថ្ងៃទី 10 ខែសីហា ដើម្បីសារភាពចំពោះការរំលោភបំពាននេះក៏ដោយ។ប្រសិនបើនាងសារភាព នោះបម្រាមរបស់នាងនឹងត្រូវកាត់បន្ថយត្រឹមមួយឆ្នាំ។
Bekh-Romanchuk បានបដិសេធចំពោះការប្រើប្រាស់សារធាតុប៉ូវកម្លាំងដែលហាមឃាត់ ហើយបានអះអាងថា កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន គឺបណ្តាលមកពីការព្យាបាលសុខភាពនាងប៉ុណ្ណោះ។ ហើយនាងនៅតែមានជម្រើសក្នុងការប្តឹងឧទ្ធរណ៍ចំពោះការហាមឃាត់នៅក្នុងតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។
ការហាមឃាត់នេះត្រូវបានកំណត់រហូតដល់ខែឧសភា ឆ្នាំ 2029 ដែលអាចបញ្ចប់អាជីពជាអត្តពលិករបស់នាង។ នាងនឹងខកខានការប្រកួតជើងឯកពិភពលោកចំនួនពីរ និងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Los Angeles ក្នុងឆ្នាំ 2028។
ទោះជាយ៉ាងណាក៏ដោយ Bekh-Romanchuk មានការធូរស្បើយខ្លះខណៈដែលនាងអាចត្រលប់ទៅអាជីពផ្សេងទៀតរបស់នាងវិញ។
នាងធ្វើការជាតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជាមួយនឹងអ្នកតាមដានចំនួន ៤៩១ ០០០ នាក់នៅលើ Instagram។ ដោយមានសម្បុរពណ៌ត្នោតដ៏ស្រស់ស្អាតនាងបានធ្វើការជាមួយម៉ាកយីហោអ៊ុយក្រែនដូចជា Domino Group, Trihard និង Fabric 17 ។