ខេត្តកណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីកម្លាំងប៉ុស្តិ៍បានល្បាត ហើយជួបជនសង្ស័យម្នាក់ព្យាយាមរត់គេចខ្លួនបោះចោលថ្នាំញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ នៅលើផ្លូវបេតុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះវ៉ាន់ រតនៈទេវ័ន្ត ហៅ រដ្ឋ ហៅគួយ ភេទ ប្រុស អាយុ ២៦ឆ្នាំនិងឈ្មោះ ជួង វណ្ណនី ភេទប្រុស អាយុ ២៨ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿង ញៀនប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់ (មធ្យម ៤ និងតូច ៣) ដែលមានទម្ងន់សរុប ១៣,៣៧ក្រាម, កូនកាបូបដៃ ២, ទូរស័ព្ទ ១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់បានចេញល្បាត ហើយប្រទះឃើញជនសង្ស័យឈ្មោះ វ៉ាន់ រតនៈទេវ័ន្ត ឈរនៅលើផ្លូវបេតុង។ ជនសង្ស័យបានធ្វើសកម្មភាពរត់គេចខ្លួន បោះចោលកូនកាបូបដៃនៅលើស្មៅ រួចរត់ចូលព្រៃបាត់។ ពេលត្រួតពិនិត្យកូនកាបូបនោះ សមត្ថកិច្ចរកឃើញថ្នាំញៀន ៧កញ្ចប់។ លុះព្រឹកឡើងនៅវេលាម៉ោង ៩និង០៥នាទី កម្លាំងជំនាញស្រុកបានតាមស្វែងរក និងឃាត់ខ្លួនជនសង្ស័យរូបនោះបាននៅព្រៃក្រោយផ្ទះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាន់ រតនៈទេវ័ន្ត សារភាពថា ថ្នាំញៀនទាំងអស់នោះជារបស់ខ្លួនដែលបានទិញពីមុខសញ្ញាមិនស្គាល់ក្នុងតម្លៃ ៣០០. ០០០រៀល ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។ ខ្លួនក៏បានលក់ថ្នាំញៀន ១កញ្ចប់តូចទៅឲ្យឈ្មោះ ជួង វណ្ណនី ក្នុងតម្លៃ ៣០.០០០រៀល។ ក្រោយទទួលបានចម្លើយនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ ជួង វណ្ណនី ហើយជនសង្ស័យរូបនេះក៏បានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពីឈ្មោះ វ៉ាន់ រតនៈទេវ័ន្ត និងធ្លាប់ប្រើ ប្រាស់រួមគ្នាជាញឹកញាប់មែន។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕