ភ្នំពេញ ៖ អ្នកនាំពាក្យការបរទេស ថ្លែងថា ៖ រឿងថៃចង់ដោះមីននៅព្រំដែន, ប្រមុខការទូតកម្ពុជាប្រាប់អង្គទូតនិងអង្គការអន្តរជាតិ ៦៤រូបថា កម្ពុជា-ថៃ អាចដោះមីនបានលុះត្រា តែត្រូវបោះបង្គោលព្រំដែនច្បាស់សិន។
ករណីដោះមីននៅតាមព្រំដែន! លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជា-ថៃ អាចស្រាវជ្រាវ រិះរកកំណត់ព្រំដែនអាទិភាព សម្រាប់ការបោស សម្អាត មីនប្រឆាំងមនុស្ស ពិសេសតំបន់ដែលមានមនុស្សរស់នៅ និងទីតាំង ណាដែលការបោសសម្អាតនោះ បម្រើដោយផ្ទាល់ដល់តម្រូវការសេដ្ឋកិច្ច សង្គម ការពារដោយផ្ទាល់អាយុជីវិតពលរដ្ឋស៊ីវិល និងគាំទ្រដល់ស្ថិរភាពតំបន់ផងដែរ។
ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើឡើងក្នុងជំនួបបញ្ជាក់ការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជា កាលពីរសៀលថ្ងៃទី២១ខែសីហា។ ហើយខ្លឹមសារនេះ ត្រូវបាន លោក នង សាកល អនុរដ្ឋលេខា និងជាអ្នកនាំពាក្យក្រសួង ប្រកាសក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហានេះ។
ពាក់ព័ន្ធនឹងករណីនេះ ប្រមុខការទូតកម្ពុជា សង្ឃឹមថា នឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីភាគីថៃ។ លោក នង សាកល បញ្ជាក់បន្ថែមក្នុងសន្និសីទកាសែតនៅព្រឹកនេះ។ ក្នុងនោះ ប្រមុខការទូតកម្ពុជា បានប្រាប់បណ្តាអង្គទូតថា តាមការសង្កេត គឺមានការរំលោភបំពានខ្លះៗ ពីភាគីថៃ ដោយក្នុងនោះមានការរាយបន្លាលួស ការជីកលេណដ្ឋាន និងការឈូសឆាយជាដើម ព្រមទាំងមានការពង្រីកទៅក្រៅតំបន់ជម្លោះផងដែរ! ។
ដោយឡែកដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងដើម្បីឱ្យមន្ត្រីទូតអន្តរជាតិ និងទីភ្នាក់ងារ UN បានឃើញពីការវិវត្តថ្មីៗនៃការអនុវត្តបទឈប់បាញ់ ជាពិសេស កម្មសភាពដែលបង្កឡើងដោយយោងធាថៃតាមតំបន់មួយចំនួនដែលថៃនៅតែបន្តសកម្មភាពបំពានមកលើប្រទេសកម្ពុជាដែលនាំឱ្យមានការបារម្ភនៃការអនុវត្តបទឈប់បាញ់៕
ដោយ ៖ សិលា