លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលការជួបសំណេះសំណាលជាមួយ លោកស្រី ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយ លោកស្រី ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា និងសហការី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈក្របខ័ណ្ឌពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអបអរសាទរចំពោះខួបលើកទី៦៨ នៃទំនាក់ទំនងការទូតកម្ពុជា និងហ្វីលីពីន (២០ សីហា ១៩៥៧-២០ សីហា ២០២៥) ព្រមទាំងបានកត់សម្គាល់ចំពោះសកម្មភាពលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ដែលបានចូលរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាពនៃប្រព័ន្ធរដ្ឋបាលសាធារណៈ ដោយលោកស្រី ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងយល់បន្ថែមពីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ខណៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន លោកស្រីឯកអគ្គរដ្ឋទូត ពីការដ្ឋានកែទម្រង់សំខាន់ៗ ជាពិសេសផ្តោតលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពមួយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ជំនួបនេះក៏មានការផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែចំគោលដៅបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងលើកកម្ពស់វិស័យមុខងារសាធារណៈនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលហ្វីលីពីន និងស្ថានទូតហ្វីលីពីន ដែលភារធារីស្តីទីនៃស្ថានទូត បានចូលរួមក្នុងដំណើរទស្សនកិច្ចដឹកនាំដោយ លោកឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស ចុះទៅពិនិត្យទីតាំងជាក់ស្ដែង និងចុះសួរសុខទុក្ខជនភៀសសឹក ព្រមទាំងការបញ្ជូនអនុព័ន្ធយោធាហ្វីលីពីន ចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ ការរងផលប៉ះពាល់តាមបណ្ដោយព្រំដែនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print