ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនាពេលកន្លងមក ដែលបានជួយគាំទ្រដល់ដំណើរការគ្រប់គ្រងប្រព័ន្ធការងារ កិច្ចគាំពារពលករចំណាកស្រុក និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱកាសការងារ ការគាំពារសន្ដិសុខសង្គម និងការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានកិច្ចសហការល្អជាមួយនឹងចក្រភពអង់គ្លេស។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការបន្តកិច្ចសហការជាមួយចក្រភពអង់គ្លេស ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង ភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយចក្រភពអង់គ្លេសនៅបន្តរក្សាទំនាក់ទំនងល្អ និងការគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស និងសហការី ក៏បានអញ្ជើញទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print