លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំដំណើរទស្សនកិច្ចអង្គទូតទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ-ខេត្តឧត្តរមានជ័យ ៖ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំដំណើរទស្សនកិច្ចអង្គទូតទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំដំណើរទស្សនកិច្ចរបស់ប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត ព្រមទាំងទីភ្នាក់ងារ ជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការងារ ផ្នែកសកម្មភាពមីនប្រចាំកម្ពុជា ចំនួន ៦០រូប ទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នៅ ថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០២៥។

គណៈប្រតិភូបានចុះទៅដល់មូលដ្ឋានភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងយោធាថៃបានចូលមករាយបន្លាលួស និងដាក់រនាំង ដាក់កង់ឡាន មិនឱ្យប្រជាជនចូលទៅលំនៅដ្ឋានខ្លួនវិញបាន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំ នូវការសួរសុខទុក្ខ ការនឹករលឹកយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជន ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋទាំង១០គ្រួសារ ដែលរងផលប៉ះពាល់ ដោយសកម្មភាពយោធាថៃ។

គណៈប្រតិភូបានបន្តដំណើរទៅពិនិត្យទីតាំងវត្តប្រាសាទតាមាន់សែនជ័យ ភូមិ ឃុំគោកមន ដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែក និងទីតាំងទម្លាក់គ្រាប់ MK84 ឃុំគោកមន ស្រុកបន្ទាយអំពិល នៅខេត្តឧត្តរមានជ័យ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច ខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានានូវបទឈប់បាញ់ឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ដើម្បីអនុញ្ញាតឱ្យប្រជាជនដែលរងផលប៉ះពាល់ទាំងអស់ អាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយ សុវត្ថិភាពក្នុងពេលឆាប់ៗ។

គណៈប្រតិភូអង្គទូតបានសម្តែងនូវក្តីសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញ ឆាប់ៗ ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ អោយបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចដំណោះស្រាយដោយ សន្តិវិធីយូរអង្វែង និងអនុញ្ញាតឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាព រស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print