កម្លាំងនគរបាលឃាត់ខ្លួនជនបរទេសចំនួន០៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងនគរបាល ស្វាយរៀង នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាជនបរទេសចំនួន០៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ។

នគរបាលខេត្តស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញខុសច្បាប់០១ទីតាំង។

យីហោទីតាំងនោះមានឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ០១គ្រឿង និងទូរស័ព្ទដៃ១៨គ្រឿង។

សមត្ថកិច្ចបញ្ជាក់ទៀតថា បច្ចុប្បន្នទីតាំងសង្ស័យខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលបានរឹបអូស សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមច្បាប់ ខណៈសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរុឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print