ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រា នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង និងទូរសព្ទដៃ ១៨គ្រឿង។
បច្ចុប្បន្នទីតាំងសង្ស័យខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលបានរឹបអូស សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕