ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ នុងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា នៅព្រឹកនេះមេភូមិភាគ៥ កម្ពុជានឹងបើកកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានការពារព្រំដែនខេត្តត្រាត និងចន្ថាបូរី ថៃ ដោយកិច្ចប្រជុំនេះ នឹងធ្វើឡើងនៅខេត្តប៉ៃលិន។
ការថ្លែងបែបនេះរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើឡើងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាថ្មីម្តងទៀត លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជា និងសហគមន៍អន្តរជាតិ នៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះ មកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ជនរងគ្រោះកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ដោយគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល២៦ថ្ងៃហើយបន្ទាប់ពីទាហានថៃចាប់ពួកគេដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង១២រំលងអធ្រាតថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ , ខេត្តឧត្តមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរបស់យើងជាមួយនឹងស្មារតីក្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕ដោយ៖តារា