Bukayo Saka នឹងត្រូវខកខានការប្រកួតរបស់ Arsenal ពេលប៉ះជាមួយ Liverpool នៅថ្ងៃអាទិត្យក៏ដូចជាការប្រកួតជម្រុះ World Cup របស់អង់គ្លេសជាមួយ អង់ដូរ៉ា និង ស៊ែប៊ី នៅខែក្រោយ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានរងរបួសសរសៃពួរក្នុងការប្រកួតក្នុងផ្ទះខ្លួនឯងកាលពីថ្ងៃសៅរ៍ទល់នឹង Leeds United ហើយគេប៉ាន់ស្មានថាខ្សែប្រយុទ្ធនឹងមិនអាចលេងបានរហូតដល់ 4 សប្តាហ៍។
ប្រធានក្រុម Arsenal កីឡាករ Martin Odegaard ក៏នៅមិនទាន់ច្បាស់ថាអាចលេងសម្រាប់ការប្រកួតនៅកីឡដ្ឋាន Anfield ដោយសារតែរបួសស្មាក្នុងជ័យជម្នះលើក្រុម Leeds 5-0នោះដែរ។
ទោះបីជាអវត្តមានកីឡាករសំខាន់២រូបនេះក៏ដោយ Arsenal មានសមត្ថភាពវាយលុកខ្លាំងជាងមុនក្នុងរដូវកាលនេះ ដោយបានចុះហត្ថលេខាទិញកីឡាករ Viktor Gyokeres, Noni Madueke និង Eberechi Eze មកពង្រឹងក្រុម។ អ្នកចាត់ការក្រុមកាំភ្លើងធំលោក Mikel Arteta ក៏មានខ្សែបម្រើ Gabriel Martinelli, Leandro Trossard, Ethan Nwaneri និង Max Dowman ដើម្បីកាត់បន្ថយសម្ពាធក្នុងការអវត្តមានរបស់ Saka និង Odegaard ។