ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិណងចាន ខេត្តស្រះកែវរបស់ប្រទេសថៃ ហើយបន្ទាប់មកនៅវេលាម៉ោង១៥ និង១៤នាទី រសៀលថ្ងៃដដែលកងកម្លាំងរបស់ថៃបានធ្វើសកម្មភាពជាថ្មីបម្រុងនឹងយកបន្លាលួសមករាយម្តងទៀត តែត្រូវបានពលរដ្ឋកម្ពុជាធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងកម្លាំងរបស់ថៃបានយកបន្លាលួសរបស់ខ្លួនត្រឡប់ទៅវិញ។
ការថ្លែងបែបនេះរបស់លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ សីហា នេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីធ្វើការឆ្លើយតបដែល ស្តែងចេញពីការព្រួយបារម្ភចំពោះមុខទៅនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅនៃការការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រឡាញ់ទឹកដី និងការការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់។
បន្ថែមពីនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់អាវុធក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ហើយម្យ៉ាងវិញទៀតកងកម្លាំងរបស់យើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌនៃបទឈប់បាញ់ ដូច ដែលបានឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយកម្ពុជាសូមអះអាងពីការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការបង្កើននូវភាពតានតឹង និងការប៉ះទង្គិចគ្នាខាងផ្នែកយោធាសាជាថ្មី ដែលក្នុងន័យនេះកម្ពុជាសូមស្នើភាគីថៃឱ្យគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ជាពិសេសស្មារតីនៃកិច្ចព្រមព្រៀងដែលកើតចេញពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥៕