ក្មេងប្រុសស្រី៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នាលង់ទឹកស្លាប់ នៅចំណុចបឹងហុងច្រាំង នៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង៣រសៀល មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសូរគង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចបឹងហុងច្រាំង ភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស មានក្មេងលង់ទឹកស្លាប់បីនាក់។

ក្រោយពីបានទទួលព័ត៌មាននេះភ្លាមលោកវរសេនីយ៍ ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានចាត់ តាំងកម្លាំងជំនាញផែនព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ទោ ថុង ភូរីវុធ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរគង ដោយចូលរួមពីអាជ្ញាធរភូមិ, ឃុំ គ្រូពេទ្យចុះទៅដល់ទីកន្លែងកើតហេតុស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យទៅលើសាកសព ដោយបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព សមាសភាពចូលរួមមានចំនួន១១នាក់។

ជាលទ្ធផលពិនិត្យ÷១-សពរងគ្រោះ ឈ្មោះ យ៉ិន ផារីភេទស្រី អាយុ០៧ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស ជាកូនរបស់ឪពុកឈ្មោះ សាន ដូង អាយុ៤១ និងម្ដាយឈ្មោះ សាវ៉េត អាយុ៤២ឆ្នាំ ជន ជាតិខ្មែរ។ ២-សពឈ្មោះ រ៉ា ភារម្យ​ ភេទប្រុស អាយុ ៦ ឆ្នាំជនជាតិខ្មែរ​ នៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាសឪពុកឈ្មោះរ៉ា ភារិទ្ធ អាយុ២៧ឆ្នាំ និង ម្ដាយឈ្មោះហ៑នចាន់ ថនអាយុ២៦ឆ្នាំ និង៣-សពឈ្មោះ ឧត្តម ឧស្សា ភេទប្រុស​ អាយុ៤ឆ្នាំនៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស ឪពុកឈ្មោះឧត្តមនិងម្ដាយឈ្មោះយ៉ុន ចាន់ទី។

តាមការបំភ្លឺរបស់ឈ្មោះ សន​ រុន ត្រូវជាជីដូនបង្កើតរបស់សពទាំង៣ នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។លោកយាយបានបញ្ជាក់ឱ្យដឹងថា នៅម៉ោង១សៀល គាត់ចេញទៅបឹងដកក្រអាវឈូក ហើយចៅៗនៅលេងនៅផ្ទះជាមួយគ្នាវាទាំងបីនាក់។ រហូតដល់ល្ងាចម៉ោង ៥ ទើបជីដូនឡើងពីបឹងមកវិញ។ ពេលមកដល់ផ្ទះបានបាត់ចៅៗមិនដឹងទៅណា ក៏ហៅអ្នកភូមិអ្នកស្រុកឱ្យជួយដើររក។ លុះដល់ចំណុចបឹងហុង ច្រាំងចំងាយ៣០០ ម៉ែត្រពីភូមិ ក៏ប្រទះឃើញ ស្បែកជើង និងខោអាវចៅៗនៅមាត់បឹង ក៏នាំគ្នាចុះរាវរក ក៏ឃើញសាកសពទាំង
៣នាក់លង់ទឹកស្លាប់តែម្តង។

តាមការបំភ្លឺរបស់លោក ធុល គឹមលីភេទ ប្រុស​ អាយុ ៤២ឆ្នាំឱ្យដឹងថា នៅវេលាម៉ោងប្រហែល៥ល្ងាច គាត់ឮអ្នកភូមិផ្អើលនិយាយថាមានក្មេងលង់ទឹក ក៏ទៅជាមួយអ្នកភូមិ​ ប្រហែល​ ៣០នាក់​ ដើម្បីជួយរកនៅបឹងតូច(បឹងហុងច្រាំង)ស្ថិតនៅខាងលិចភូមិព្រែកគ្រួសលិច ចំងាយប្រហែល២០០ម៉ែត្រ គាត់ក៏បានចុះទៅរកក្នុងទឹកជម្រៅប្រហែល១មែត្រកន្លះ បានដើររាវក្នុងទឹកនោះហើយប៉ះជើងគាត់ ក៏ស្រវាចាប់យកពេលនោះបានរកឃើញសពក្មេងៗតែម្តង​ ។

ផ្អែកតាមការពិនិត្យវិភាគកន្លែងកើតហេតុ,តាមការបំភ្លឺរបស់សាក្សី និងតាមការពិនិត្យសាកសព គណៈកម្មការសន្និដ្ឋានបានថា ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ដោយពុំពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយពេលពិនិត្យរួចសពរងគ្រោះបានប្រគល់ឱ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print