ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅបានតាមច្បាមមុខសញ្ញាជួញដូរគ្រឿងញៀន រហូតពន្លាតដែនសមត្ថកិច្ចដល់រាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនជន សង្ស័យ ២នាក់ និងរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់ធំ រួមទាំងដាវកែច្នៃ ១ដើម។ ប្រតិបត្តិការនេះបានធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សីហា ២០២៥។
ប្រភពពីកងរាជអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជន សង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ថា វីរៈ ភេទ ប្រុស អាយុ៣៦ឆ្នាំនិងឈ្មោះសុខ រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងសរុបមានម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ៦កញ្ចប់ធំ, ដាវកែច្នៃ ១ដើម, ទូរស័ព្ទដៃ ៤គ្រឿង, និងសម្ភារៈពាក់ ព័ន្ធនឹងគ្រឿងញៀន រួមទាំងស្លាកលេខម៉ូតូ ១សន្លឹក, ខ្នងកង់ម៉ូតូ ៤, បំពង់ស៊ីមាំងម៉ូតូ ១ដើម, អាវម៉ូតូ ២ ឈុត និងកញ្ចក់ម៉ូតូ ៥គូផងដែរ។
កម្លាំងរាជអាវុធហត្ថបានបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីទីតាំងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ កម្លាំងមូលដ្ឋានបានដាក់ពង្រាយកម្លាំងឃ្លាំមើល ហើយបានចុះទៅដល់ទីតាំងនៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី២៣ សីហា និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ថា វីរៈ បានមុនគេ ហើយរកឃើញថ្នាំញៀនចំនួន ៥កញ្ចប់ធំ។ ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះគឺលោក អេង វ៉ាន់ណែត ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកប្រើខ្លួនឲ្យយកទៅឲ្យគេ ហើយអ្នកហុចឲ្យខ្លួនគឺឈ្មោះ សុខ រក្សា។
បន្ទាប់ពីទទួលបានចម្លើយសារភាពនេះ កម្លាំងកងរាជ អាវុធហត្ថខេត្តកណ្ដាលបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយពន្លាតដែនសមត្ថកិច្ចទៅដល់ខណ្ឌដង្កោរាជធានីភ្នំពេញ។ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្ដាល និងរាជធានីភ្នំពេញ កម្លាំងបានចុះឆែក ឆេរផ្ទះរបស់ឈ្មោះ អេង វ៉ាន់ណែត និងឃាត់ខ្លួនជន សង្ស័យឈ្មោះ សុខ រក្សា បាននៅវេលាម៉ោង ១០និង ១៥នាទី ថ្ងៃទី២៥ សីហា។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕