អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាំឱ្យមានការប្តេជ្ញាចិត្តពីភាគីទាំងពីរក្នុងការអនុវត្តបទឈប់បាញ់

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)ថា បាននាំឱ្យមានការប្តេជ្ញាចិត្តពីភាគីទាំងពីរក្នុងការអនុវត្តបទឈប់បាញ់ បន្ទាប់ពីបានឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ នាពេលកន្លងទៅនៅប្រទេសម៉ាឡេស៊ី។

ការថ្លែងបែបនេះ​របស់​លោកស្រី​អ្នកនាំពាក្យរូបនេះ​ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ បានបញ្ជាក់ថា​ នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ មេភូមិភាគ៤កម្ពុជា និងមេភូមិភាគទី២ថៃ ជួបប្រជុំគ្នា ស្តីពីគណៈកម្មការព្រំ ដែនកម្ពុជា និងថៃ RBC ដោយកិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងទទួលបានភាពវិជ្ជមានបន្ថែមទៀត ក្នុងការអនុវត្តបទឈប់បាញ់ពេញលេញ និងនាំមកនូវស្ថិរភាព សន្តិភាព និងប្រក្រតីភាពឡើងវិញរបស់ប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កងទ័ពកម្ពុជានៅតែបន្តឈរជើងយ៉ាងប្រុងប្រយ័ត្ន និងខ្ជាប់ខ្ជួនបំផុត ក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី បើទោះបីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ មានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយនោះ។

ចំពោះកងកម្លាំងកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់យោធាថៃ លោកស្រី​អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀង ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបនេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print