ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៦នេះ កម្មវិធី “ ខ្ញុំជាយុវជនគំរូកម្ពុជា” បានប្រគល់ពានរង្វាន់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តមួយចំនួនដល់បេក្ខជន បេក្ខនារីជ័យលាភីទាំង១០ (Top 10) រូបនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ជ័យលាភីលេខ១ (Top1) ក្នុងវគ្គទី ៧នេះបានទៅលើបេក្ខជន ប៊ុន គឹមយ៉ុង ប្រកួតប្រជែងផ្នែកវីដេអូលើសកម្មភាពស្ម័គ្រចិត្តមនុស្សធម៍ ដែលទទួលបានការបោះឆ្នោតគាំទ្របានច្រើនជាងគេនៅលើ Facebook សម្តេចតេជោ កាលពីពេលថ្មីៗកន្លងទៅនេះ។ ជ័យលាភី ម្នាក់ក្នុងចំណោម Top 10 គឺជាជនពិការដែលមានអាជីពជាគ្រូបង្រៀន។
លោក ដួង តារា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បានប្រគល់ពានរង្វាន់ប័ណ្ណសរសើរនេះ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡាគឺ លោកជំទាវ ឃុន រចនា ព្រមទាំងមានការចូលរួមពីយុវជន យុវនារី លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងមិត្តភក្តិបងប្អូនអ្នកគាំទ្រ ជាង ១០០ នាក់ ។
ជ័យលាភីលេខ១ (Top-1) ទទួលបាន iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា ថវិកាមួយចំនួន និងពានប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១។ ចំពោះបេក្ខជនជាប់ (Top-10) ទាំង៩ នាក់គឺទទួលបានសំលៀកបំពាក់កីឡា ថវិកាមួយចំនួន និងពានប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១ផងដែរ ។
ក្រោយពីបានទទួលបានពានរង្វាន់ហើយ គឺមានពិធីថតរូបអនុស្សារីយ៌នៅតាមទីកន្លែងប្រវត្តិសាស្រ្តមួយចំនួនក្នុងវិមានសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានជួបប្រមុខដឹកនាំមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ នេះគឺជាកិត្តិយសដ៏ថ្លៃថ្លារបំផុតដែល សម្តេចតេជោ បានផ្តល់ចំពោះយុវជន។
ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន លោកតែងតែឧបត្ថមគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជននៅទូទាំងប្រទេស ដោយគ្មានការរើសអើងអ្វីឡើយ ដើម្បីកសាងខ្លួនអោយមានសមត្ថភាពខ្ពស់ និងអនាគត់ល្អ ហើយចេះចែករំលែកក្តីស្រឡាញ់ ទេព្យកោសល្យ ទ្រព្យធន និងស្នាដៃគំរូល្អៗដល់ពលរដ្ឋ និងយុវជនដ៏ទៃៗទៀតក្នុងសង្គមជាតិ៕
ដោយ៖ សុខ ខេមរា