ខេត្តកំពង់ឆ្នាំង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថាលោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងលោករដ្ឋមន្ត្រី ឌិត ទីណា កាលពីម្សិលមិញនេះបានអញ្ជើញដឹកនាំក្រុមការងារជំនាញ រួមមានលោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហការី កងកម្លាំងបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប រួមមានប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង វរ:សេនាតូច ង៧០ វរៈសេនាតូច ង៩១១ លោក យ៉ែម លក្ខិណា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងសហការី សរុបផទាំងអស់៣៧នាក់ ដើម្បីចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទក្នុងភូមិសាស្ត្រ ចំណុចអង្គរទ្វីប ដល់ទំនប់ ឃុំស្វាយរំពា ស្រុកកំពង់លែង និងចំណុចបឹងសួង ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រមទាំងរឹបអូស លបលួចប្រើឧបករណ៍នេសាទខុសច្បាប់មួយចំនួនតូច ដូចជា របាំងសាច់អួន ០១ករណី ស្មើនឹង ៤កន្លែង ប្រវែង ៤០០ ម៉ែត្រ បង្គោល ១៦០ ដើម លបលូ ៦មាត់ របាំងស្បៃមុងចំនួន០១ករណី ស្មើនឹងចំនួន ២០កន្លែង ប្រវែង ១៨៤០ម៉ែត្រ បង្គោល ៦៩០ដើម លបលូ ២២ មាត់ និងចាក់លែងត្រីចម្រុះចូលទន្លេសាបវិញចំនួនប្រមាណ ១៤៥គីឡូក្រាមផងដែរ។
បើតាមលោកអនុរដ្ឋលេខាធិការ ក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃឃើញថា សកម្មភាពបទល្មើសនេសាទ មានការថយចុះគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារចម្រុះ ដែលឈរជើងនៅតាមភូមិសាស្រ្ត របស់ខ្លួន សហការជាមួយក្រុមការងារ កងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងផ្ដល់អនុសាសន៍ជូនក្រុមការងារ សហការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការអនុវត្តភារកិច្ច ជួយអភិរក្ស ដើម្បីអភិវឌ្ឍន៍ធនធានជលផលនៅបឹងទន្លេសាប និងបន្តប្រឹងប្រែងបង្រ្កាបបទល្មើសនេសាទ ឆក់ចល័ត និងការពារកន្លែងអភិរក្សជលផល ចែកវេនចេញល្បាតទាំងយប់-ថ្ងៃ រួមគ្នាទប់ស្កាត់បទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕