ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងជំនួបនេះ លោកឯកអគ្គរាជទូតបានជម្រាបជូនមន្ត្រីជាន់ខ្ពស់អាម៉េរិកអំពីខ្លឹមសារនៃលិខិតដ៏មានតម្លៃរបស់លោក ដូណាល់ត្រាំ ប្រធានាធិបតីអាម៉េរិក ផ្ញើជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនមន្ត្រីជាន់ខ្ពស់អាម៉េរិកអំពីការបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយឥតភស្តុតាងរបស់ថៃ មកលើកម្ពុជាថា បានយកប្រជាជនធ្វើជាខែល និងចោទប្រកាន់ដោយឥតភស្តុតាងមកលើកម្ពុជាថា កម្ពុជាបានដាក់មីនថ្មី។
នៅក្នុងជំនួបនេះ លោកឯកអគ្គរាជទូតក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ សូមជួយជំរុញដល់ថៃ ឱ្យដោះលែងកងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលថៃចូលមកចាប់ខ្លួនដោយខុសច្បាប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោយបទឈប់បាញ់ចូលជាធរមាន៕ដោយ៖តារា