ភ្នំពេញ៖ លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៣ រសៀលនៃថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខនៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ និងឧត្ដរមានជ័យបន្តស្ងប់ស្ងាត់ដដែល ហើយវីរកងទ័ពកម្ពុជានៅតែបន្តតាមដានសភាពការណ៍នៅតំបន់ព្រំដែន និងបង្កើនការប្រុងប្រយ័ត្នជានិច្ច។
ការថ្លែងបែបនេះរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងដែរថា ប្រតិភូសភាអាម៉េរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញទៅពិនិត្យស្ថានភាពពល រដ្ឋរងគ្រោះដោយសង្គ្រាមជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននាវេលាម៉ោង ០៤ រសៀលថ្ងៃទី៣០ ខែសីហានេះដែរ ក្នុងជំនួបតាមរយៈខ្សែទូរសព្ទជាមួយឧបការីរងនៃក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៨ ខែសីហា, ទូតកម្ពុជានៅអាមេរិក លោក កុយ គួង ស្នើសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឱ្យថៃដោះលែងយោធិនកម្ពុជា១៨រូប ដែលយោធាថៃប្រើល្បិចចាប់ធ្វើជាចំណាប់ខ្មាំងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន៕ដោយ៖តារា