ក្រុមអ្នកវិភាគបញ្ជាក់ថា ទាំងរុស្ស៊ីនិង អាមេរិកគឺបានបើកភ្លើងខៀវឲ្យប្រទេសទួរគី ក្នុងការវាយប្រហារដោយថ្មើរជើងនៅក្នុងប្រទេសស៊ីរីដើម្បីអូសទាញប្រទេសដែលសម្បូរប្រេងមួយនេះឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។
ក្រោយរយៈពេល២សប្តាហ៍ដែលប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក ពូទីន នៅទីក្រុង St Petersburg ក៏ដូចជា ជំនួបពិភាក្សាជាមួយអនុប្រធានាធិបតី អាមេរិកលោក Joe Biden ក្នុងទីក្រុងអង់ ការ៉ា រួចមកទួរគីក៏ចាប់ផ្តើមវាយប្រហារនៅក្នុងទឹកដីស៊ីរីតែម្តង។ បើគ្មានការយល់ព្រម ពីមហាអំណាចយោធាទាំងពីរនោះទេ ទួរគី ប្រាកដជាមិនហ៊ានវាយប្រហារនោះឡើយ។ ការវាយប្រហារខាងលើក៏មានការជួយជ្រោមជ្រែងពីកម្លាំងទាហានអាកាសអាមេរិកក្នុងការបើកផ្លូវឲ្យទាហានថ្មើរជើងស៊ីរី ផងដែរ។
សកម្មភាពខាងលើបានបង្ហាញយ៉ាង ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូបានបើកភ្លើងខៀវឲ្យទួរគីវាយប្រហារចូលទៅក្នុងទឹកដីស៊ីរី។ មួយវិញទៀតការដែលទួរគីវាយប្រហារនោះបានបង្ហាញយ៉ាងច្បាស់ ថា ទំនាក់ទំនងរវាងប្រទេសទាំងពីររុស្ស៊ី-ទួរគីមានភាពល្អប្រសើរឡើងវិញហើយ ហើយទីក្រុងមូស្គូមិនជំទាស់ទៅនឹងការ វាយប្រហារទាំងនោះឡើយ។ នៅក្នុងកិច្ចពិភាក្សានៅប្រទេសរុស្ស៊ីប្រធានាធិបតីទួរគី និងប្រធានាធិបតី ពូទីន បានចុះកិច្ចព្រម ព្រៀងសម្ងាត់ដើម្បីរក្សាតំណែងលោក អាលអាសាដ ។
នេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រដែលរុស្ស៊ី អាមេរិកនិងទួរគី ចូលរួមធ្វើ សកម្មភាពរួមគ្នានៅក្នុងប្រទេសស៊ីរីដែល ជារឿងមួយគួរឲ្យឆ្ងល់។
ចំណុចទាំងនោះហើយបានធ្វើឲ្យគេ នឹកឃើញដល់ការធ្វើរដ្ឋប្រហារនៅក្នុង ប្រទេសទួរគីក៏ដូចជាការវាយប្រហារភេរវកម្មដែលក្រោយការធ្វើរដ្ឋប្រហារនោះជាហេតុផលដែលទួរគីចាំបាច់ត្រូវតែបញ្ជូន កម្លាំងថ្មើរជើងចូលទឹកដីស៊ីរីដើម្បីកម្ចាត់ក្រុមភេរវកម្មនៅជិតព្រំដែនប្រទេសទាំងពីរ។
អ្នកឯកទេសវិភាគបានលើកឡើងថា ការដែលទួរគីវាយប្រហារស៊ីរីដោយថ្មើរជើង នោះ តើពេលណានឹងត្រូវបញ្ចប់? ការ វាយប្រហារដល់ណាទួរគីគ្រប់គ្រងទឹកដី ដល់ទីនោះ។ នេះជាការពុះចែកទឹកដីដោយ សម្ងាត់ជាថ្នូរនឹងការទុកឲ្យប្រធានាធិបតី អាល់អាសា បន្តដឹកនាំស៊ីរីឬ?
ចំពោះសកម្មភាពរបស់ប្រទេសទួរគី ដែលបានបញ្ជួនកម្លាំងទាហានវាយប្រហារនៅក្នុងប្រទេសស៊ីរីប៉ុន្មានថ្ងៃកន្លងមកនេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាល ស៊ីរីខ្លាចបាត់បង់ទឹកដីជាប់ព្រំដែនទួរគី។ ក្រសួង ការបរទេសស៊ីរីក៏បានផ្ញើលិខិតស្នើសុំដល់អង្គការសហប្រជាជាតិជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះដែរ។
នៅក្នុងលិខិតរបស់ក្រសួងការបរទេសដែលបានផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន កាល ពីថ្ងៃទី២៩ ខែសីហា រដ្ឋាភិបាលទីក្រុងដាម៉ាកាសបញ្ជាក់ថា ប្រទេសដែលគាំទ្រទួរគីវាយប្រហារនៅស៊ីរីនោះគឺជាសកម្មភាពគាំទ្រ ដល់ក្រុមភេរវកម្ម។
នៅក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា «ការដែលបារាំង, អាមេរិក, អង់គ្លេស, អារ៉ាប៊ីសាអ៊ូឌីត, កាតារ គាំទ្រទួរគីធ្វើសង្គ្រាម ថ្មើរជើងនៅស៊ីរីនោះគឺជាសកម្មភាពគាំទ្រដល់ក្រុមភេរវកម្ម»។
កាលពីថ្ងៃទី២៤ ខែសីហា កម្លាំងពិសេស របស់ទួរគីដែលមានរថក្រោះរថពាសដែក យន្តហោះចម្បាំងដោយមានការគាំទ្រវាយប្រហារពីលើដែនអាកាសរបស់អាមេរិក ផង បានចាប់ផ្តើមវាយប្រហារដោយថ្មើរ ជើងទៅលើគោលដៅនានានៅស៊ីរី។
រដ្ឋាភិបាលស៊ីរីបានអំពាវនាវដល់ អ. ស.ប ទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ នៅទីនោះនិងស្នើឲ្យទាហានទួរគីដកចេញពីទឹកដីស៊ីរីជាបន្ទាន់។ ការដែលធ្វើសង្គ្រាម ប្រឆំាងភេរវកម្មនៅលើទឹកដីស៊ីរីនោះត្រូវតែមានការឯកភាពពីរដ្ឋាភិបាលទីក្រុងដាម៉ាកាស។ សកម្មភាពរបស់រដ្ឋាភិបាលទួរគី គឺប្រឆាំងនឹងជនជាតិស៊ីរីក៏ដូចជាបំពាន អធិបតេយ្យភាពរបស់ប្រទេសនេះ។
មតិជាច្រើនបានបង្ហាញពីក្តីបារម្ភចំពោះ សកម្មភាពរបស់ទួរគីដោយចាត់ទុកថា សកម្មភាពទាំងនោះអាចធ្វើឲ្យមានភាពតាន តឹងកាន់តែខ្លាំងឡើង និងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែស្មុគស្មាញថែមទៀត។ ប៉ុន្តែភាគីគាំទ្របានអបអរសាទរចំពោះ សកម្មភាពរបស់ទួរគីដែលបានសម្រេច វាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុង ប្រទេសស៊ីរី ។
នៅទីក្រុងដាម៉ាកាសរដ្ឋាភិបាលស៊ីរីបាន ប្រឆាំងនឹងការចូលឈ្លានពានពីរថក្រោះ រថពាសដែករបស់ទួរគីនៅក្នុងស្រុក Jarabulus ជាប់ព្រំដែនប្រទេសទាំងពីរ។ នៅក្នុងសេចក្តីប្រកាសក្រសួងការបរទេសស៊ីរីបញ្ជាក់ថា ការដែលរថក្រោះរថពាសដែកទួរគីចូលទៅកាន់ព្រំដែនប្រទេសស៊ីរីដោយ មានការចូលរួមគាំទ្រពីកម្លាំងទាហានសម្ពន្ធ មិត្តដឹកនាំដោយអាមេរិកនោះគឺជាសកម្មភាពឈ្លានពានទឹកដីស៊ីរី ។
ក្នុងថ្ងៃជាមួយគ្នានេះដែរក្រសួងការបរទេសរុស្ស៊ីក៏បានប្រតិកម្មបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ទួរគីដែល បានបញ្ជូនរថក្រោះរថពាសដែកទៅក្នុង ប្រទេសស៊ីរីវាយប្រហារទៅលើក្រុមជន ជាតិឃើដនៅតាមព្រំដែនស៊ីរី។ ក្នុងការ ប្រកាសរបស់រុស្ស៊ីបានព្រមានថា សកម្ម ភាពខាងលើអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងជំរុញឲ្យមានការប្រឈមមុខរវាងក្រុមជនជាតិឃើដ នឹងជនជាតិដទៃទៀតនៅក្នុងតំបន់។
ផ្ទុយទៅនឹងទស្សនៈរបស់រុស្ស៊ីមន្ត្រី អាមេរិកបានបញ្ជាក់ថា យុទ្ធនាការយោធាខាងលើរបស់ទួរគីនៅក្នុងប្រទេសស៊ីរីគឺជារឿងត្រឹមត្រូវ។ ប្រភពព័ត៌មានពីកម្លាំង មន្ត្រីជាន់ខ្ពស់របស់អាមេរិកដែលបានអមដំណើរអនុប្រធានាធិបតី Joe Biden ទៅ កាន់ប្រទេសទួរគីកាលពីថ្ងៃទី២៤ ខែ សីហា បានប្រកាសថា អាមេរិកចង់ជួយ ដល់ប្រទេសទួរគីដើម្បីផ្តួលរំលំក្រុមIS ចេញពីតំបន់ព្រំដែនប្រទេសទួរគី។
អាមេរិកបានត្រួតពិនិត្យជួយដល់កម្លាំង ទាហានបះបោរនៅក្នុងប្រទេសស៊ីរីដែលគាំទ្រទួរគីដើម្បីកាត់ផ្តាច់ប្រភពជំនួយរបស់ ក្រុមIS។ ដូច្នេះអាមេរិកបានជួយដល់ប្រទេស ទួរគីដោយផ្តល់ព័ត៌មានចារកម្មនិងទីប្រឹក្សាយោធាក្នុងការកម្ចាត់ក្រុមIS៕
ប្រែសម្រួល៖ ម៉ែវ សាធី