ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ សឹង ហៀង ប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា: នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សឹង ហៀង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានគណៈកម្មាធិការ ប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤១២ អ.យ.ន ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុច ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់ បណ្តាញសង្គម ប្រព្រឹត្តសកម្មភាពសរសេរខ្លឹមសារចោទប្រកាន់មកលើថ្នាក់ដឹកនាំ គ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងបណ្តាញសង្គម ដែលនាំឱ្យមហាជនមានការយល់ច្រឡំ បង្កឱ្យមានការញុះញង់រើសអើង និងប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាម នីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និង សូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់គណបក្សកម្លាំងជាតិ ដែលចោទថាការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សឹង ហៀង ជាការគំរាមកំហែងផ្នែកនយោបាយ ដោយការចោទប្រកាន់នេះគ្រាន់ជាការផ្សព្វផ្សាយដើម្បី បំភាន់សាធារណៈមតិតែប៉ុណ្ណោះដោយមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ ពោលការ អនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលតម្រូវ ឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។ អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា