សាលាគណខេត្តស្ទឹងត្រែង បំភ្លឺករណីនិមន្ដព្រះសង្ឃ២អង្គ មកធ្វើការសួរនាំក្រោយរកឃើញភស្ដុតាងគួរឲ្យសង្ស័យមួយចំនួន ពាក់ព័ន្ធបញ្ហាសន្ដិសុខ និងបញ្ហាកងទ័ព

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖  សាលាគណខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺមួយពាក់ព័ន្ធការនិមន្ដព្រះសង្ឃចំនួន២អង្គ មកធ្វើការសួរនាំ ក្រោយរកឃើញភស្ដុតាងគួរឲ្យសង្ស័យចំនួន ពាក់ព័ន្ធបញ្ហាសន្ដិសុខជាតិ និងបញ្ហាកងទ័ព។

ក្នុងសេចក្ដីបំភ្លឺព័ត៌មាន របស់សាលាគណខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កន្លងទៅមានការចុះផ្សាយ ពុំទាន់មានមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយនោះទេ ហើយការផ្សព្វផ្សាយនោះទៀតសោត គឺមានចេតនាញុះញង់ លើសពីការពិតជាក់ស្តែង ដែលមានពាក្យពេចន៍អសីលធម៌ បំបែកបំបាក់សាមគ្គីភាពប្រជាជន និងស្ថាប័នព្រះពុទ្ធសាសនា និងស្ថាប័នរដ្ឋ។

សាលាគណខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលាគណខេត្ត បានទទួលព័ត៌មានថា មានការឃាត់ខ្លួនព្រះសង្ឃពីរព្រះអង្គ ដែលបានបើករថយន្តដោយអង្គឯង ទៅក្នុងមូលដ្ឋានសមរភូមិមុខ ក្នុងគោលបំណងមិនសមហេតុផល។

បន្ទាប់មកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សាលាគណខេត្ត បាននិមន្តព្រះសង្ឃទាំងពីរព្រះអង្គនោះ មកដើម្បីសួរនាំ និងណែនាំ។ ក្រោយពីបានសួរនាំ ឆ្លើយបំភ្លឺ និងបញ្ជាក់អំពីភាពស្អាតស្អំរបស់ព្រះអង្គ សមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុដកហូតយកវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទ និងឧបករណ៍ថតសំឡេង ដើម្បីស្រាវជ្រាវបន្ត។

ក្រោយមកសមត្ថកិច្ចជំនាញ បានស្រាជ្រាវរកឃើញភស្តុតាងគួរឲ្យសង្ស័យជាច្រើន ដែលឈានទៅដល់ការអនុវត្តវិធានការបន្ទាន់ ដើម្បីធានាការពារបាននូវសន្តិសុខ សុវត្ថិភាពសាធារណៈ ព្រះវិន័យក្នុងព្រះពុទ្ធសានា និងសន្តិសុខជាតិតាមគោលការណ៍ច្បាប់ ក្នុងអំឡុងពេលដែលកងកម្លាំងយុទ្ធជនកម្ពុជាដ៏អង់អាចក្លាហាន កំពុងតស៊ូ ប្រយុទ្ធការពារទឹកដីពីពួកទ័ពឈ្លានពាននៅសមរភូមិមុខ។

យោងតាមកត្តាជាក់ស្ដែង ដែលបានស្រាវជ្រាវរកឃើញចំពោះករណីខាងលើនេះ សូមសាធារណជនទាំងអស់ ទុកភារកិច្ចនេះជូនសមត្ថកិច្ចជំនាញដើម្បីអនុវត្តនីតិវិធីតាមគោលការណ៍ច្បាប់ជាធរមាន ហើយប្រសិនបើរកឃើញថា ពុំមានកំហុសនោះនឹងមិនមានទោសទណ្ឌទេ តែជាការពិតណាស់រាល់វិធានការសុទ្ធតែធ្វើឡើងដោយផ្អែកទៅលើ ការរកឃើញភស្តុតាងជាក់ស្ដែងសុទ្ធសាធ៕

ប្រភព ៖ សាលាគណខេត្តស្ទឹងត្រែង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print