ភ្នំពេញ ៖ នៅម៉ោង០០និង១៧នាទីឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ បូក សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ។ កម្ពុជា សម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះដោយមានស្មារតីសៀងហៃ ជាមគ្គទេសក៍ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការផ្ដល់តម្លៃខ្ពស់ដល់ភាពចម្រុះ ។ ក្នុងស្មារតីនេះ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជា បានផ្ដល់សារៈសំខាន់ដល់ការជំរុញ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក SCO រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនា នៅក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន ទាំង ប្រធានាធិបតីចិន , ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងថ្នាក់ដឹកនាំបរទេសមួយចំនួនទៀត៕
ដោយ ៖ សិលា