ទីក្រុងបាងកក ៖ អ្នកមានឥទ្ធិពលនៅថៃស្នើឱ្យរំលាយ«បក្សភឿថៃ»របស់លោកថាក់ស៊ីនចោល កាលពីម្សិលមុិញ ។
សូមបញ្ជាក់ថា ៖ អ្នកមានឥទ្ធិពលនៅថៃលោក Ruangkrai Leekitwattana ដែលជាអតីតសមាជិកព្រឹទ្ធសភានិងជាសកម្មជននយោបាយថៃនៅថ្ងៃទី ១ ខែ កញ្ញានេះ បានដាក់ញត្តិផ្ទាល់ខ្លួន ស្នើឱ្យរំលាយគណបក្សភឿថៃដែលដឹកនាំដោយលោកថាក់ស៊ីនចោលទាំងស្រុង។ ការសម្រេចដាក់ញត្តិរំលាយបក្សដ៏ធំនៅថៃនេះធ្វើឡើងបន្ទាប់ពីលោកស្រី ផែ ថងថាន ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចដកតំណែងចោលក្រោយពីបែកធ្លាយសារជជែកគ្នាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។
បើតាមលោក Ruangkrai Leekitwattana លោកបានដាក់ញត្តិទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដើម្បីស្វែងរកការរំលាយគណបក្សភឿថៃ។លោកអះអាងថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដកលោកស្រី ផែ ថងថាន ចេញពីតំណែងនាយករដ្ឋមន្ត្រី អាចជាហេតុផលសម្រាប់តុលាការក្នុងការបន្តរំលាយបក្សនេះចោលដូចបក្សថៃរ៉ាក់ថៃត្រូវបានរំលាយក្នុងឆ្នាំ ២០០៧ ដែលបានបំពានច្បាប់។
លោក Ruangkrai Leekitwattana បានចាត់ទុកសកម្មភាពដែលដឹកនាំដោយគណបក្សភឿថៃដែលមានលោកស្រី ផែ ថងថាន ជាអតីតនាយករដ្ឋមន្រ្តីបានចូលរួមប្រព្រឹត្តិខុសឆ្គងលើរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ដោយបំពានលើមាត្រា៩២ នៃច្បាប់ស្តីពីគណបក្សនយោបាយដែលបានចែកថាតុលាការធម្មនុញ្ញមានសិទ្ធិក្នុងការរំលាយគណបក្សនយោបាយ តាមសំណើរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រសិនបើភស្តុតាងគ្រប់គ្រាន់បង្ហាថាគណបក្សណាមួយបានប្រព្រឹត្តដូចជាការប៉ុនប៉ងផ្តួលរំលំរបបប្រជាធិបតេយ្យ ឬរំលោភលើបទប្បញ្ញត្តិជាក់លាក់នៃច្បាប់ដែលបានចែង។
លោកបញ្ជាក់ទៀតថាទោះបីតុលាការធម្មនុញ្ញមិនអាចរំលាយគណបក្សនយោបាយដោយខ្លួនឯងក៏ដោយ ក៏ គណៈកម្មាធិការរៀបចំការបោះឆ្នោត មានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការដាក់ញត្តិទៅកាន់តុលាការ។ លោកជំរុញឲ្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត ចាត់វិធានការ និងស្នើឲ្យតុលាការកំណត់ថា តើគណបក្សភឿថៃគួរត្រូវបានរំលាយដោយសារបំពានច្បាប់ឬអត់។
គួរកត់សម្គាល់ថាបក្សភឿថៃត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០០៧ បង្កើតឡើងដោយលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃគិតត្រឹមឆ្នាំ ២០២៥ នេះបក្សដ៏ធំនេះមានអាយុកាល ១៨ឆ្នាំហើយ ដោយមានត្រកូលលោកថាក់ស៊ីន ៣ នាក់ធ្លាប់ក្លាយជានាយករដ្ឋមន្រ្តថៃក្នុងនោះមានលោក ថាក់ស៊ីន កាន់តំណែងរវាងពីឆ្នាំ២០០១ ដល់២០០៦ មុននឹងត្រូវក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់កាលពីឆ្នំា២០០៦ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាន់តំណែងពីឆ្នាំ ២០១១ ដល់ ២០១៤ និងចុងក្រោយគេលោកស្រីផែ ថងថាន កាន់តំណែង ២០២៤ ដល់ឆ្នាំ ២០២៥ ។
សូមរំលឹកថា ៖ នយោបាយប្រទេសបច្ចុប្បន្ន គេកំពុងមើលឃើញថាមាន ៣ជម្រើសសម្រាប់នយោបាយថៃ នៅពេលនេះ ៖
ទី១៖ ភឿថៃ, ។
ទី២៖ ភូមិចៃថៃ ។
និងទី៣៖ រំលាយសភា ហើយបោះឆ្នោតឡើងវិញ។ ប្រជាជនថៃ ផ្តល់ចម្លើយឃើញច្រើន ចង់ឲ្យរំលាយសភា៕
ដោយ ៖ សិលា