ភ្នំពេញ៖ ខេត្តចំនួន៣រួមមាន៖ ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តប៉ៃលិន បានរងគ្រោះដោយសារកូនរដូវប្រាំងឆ្នាំ២០២៥ បណ្តាលឱ្យប៉ះពាល់ដល់ស្រូវវស្សាប្រមាណជាង៤ម៉ឺនហិកតា ក្នុងនោះខេត្តបាត់ដំបងខូចខាតច្រើនជាងគេ។
បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនីមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ស្ថានភាពអាកាសធាតុក្នុងខែសីហា នៅក្នុងតំបន់អាស៊ី និងអាស៊ានរួមទាំងកម្ពុជាផងមានការផ្លាស់ប្តូរប្រែប្រួលច្រើនដោយសារការទទួលរងឥទ្ធិពលខ្យល់មូសុង និងប្រព័ន្ធសម្ពាធខ្លាំងនៅសមុទ្រចិនខាងត្បូង ក្នុងនោះមានព្យុះក្នុងតំបន់ចំនួន៤ ដែលបានកើតមានជាបន្តបន្ទាប់បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ រអិលបាក់ដីធ្ងន់ធ្ងរនៅក្នុងប្រទេសចិន ឥណ្ឌា ជប៉ុន ប៉ាគីស្ថាន វៀតណាមនិងប្រទេសថៃ។
ចំណែកកម្ពុជាបានទទួលរងឥទ្ធិពលតិចតួចពីព្យុះក្នុងតំបន់ និងបង្កជាប្រព័ន្ធសម្ពាធទាបដែលមាន លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងរបបខ្យល់មូសុងនីរតី បានធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយ តិច និងច្រើនដោយកន្លែងក្នុងសប្តាហ៍ទី៤ នៃខែកក្កដា និងបន្ទាប់ពីកូនដូវប្រាំងបានបញ្ចប់ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
លោកបានបន្តថា កូនរដូវប្រាំងក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបណ្តាលឱ្យបរិមាណទឹកភ្លៀងក្នុងរដូវវស្សាថយចុះច្រើនទាំងនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។
ក្នុងស្ថានភាពនេះបានធ្វើឱ្យតំបន់មួយចំនួនប្រឈមនឹងការខ្វះខាតទឹកក្នុងវិស័យកសិកម្មដូចជាខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តប៉ៃលិន មាន៤ក្រុងស្រុក និង១៤ឃុំសង្កាត់ ប៉ះពាល់ស្រូវវស្សាចំនួន៤០.៥០៧ហិកតា និងខូចខាត ៨.១២៨ហិកតា នៅខេត្តបាត់ដំបង។
យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ល្បឿននៃការបង្កបង្កើនផល អនុវត្តបានចំនួន ២.៧៨៣.៨៩៨ ស្មើនឹង៩២,៩៧% នៃផែនការដាំដុះ និងលឿនជាងឆ្នាំមុនប្រមាណ ៤,៥៣%៕