រថយន្តដឹកកម្មករបុកជាមួយម៉ូតូនៅស្រុកកៀនស្វាយ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅស្រុកកៀនស្វាយ រវាងរថយន្តដឹកកម្មករ និងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ និងស្ត្រី ២នាក់ទៀតរងរបួសធ្ងន់។ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៩និង៤៥នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី៣០-៣១ ក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Hyundai Mighty ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B 4559 ដែលកែច្នៃសម្រាប់ដឹកកម្មករ បានបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបានបើកបត់ឆ្វេងឆ្លងកាត់ផ្លូវជាតិដោយមិនបានប្រុងប្រយ័ត្ន។ ភ្លាមៗនោះ ម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AX 2073 ដែលបើកបរដោយឈ្មោះ គង់ ចន្ធូ ភេួស្រី អាយុ ៣១ឆ្នាំ រួមដំណើរជាមួយស្ត្រី ២នាក់ទៀតឈ្មោះ គិន សុខេង អាយុ៣៧ឆ្នាំ និងឈ្មោះ គិន សារ៉ុម អាយុ ៣០ឆ្នាំ បានបុកចំចំហៀងផ្នែកខាងក្រោយរថយន្តយ៉ាងពេញទំហឹង។

គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះ គង់ ចន្ធូ ស្លាប់នៅនឹងកន្លែង។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករួមដំណើរទាំង ២នាក់រងរបួសធ្ងន់ (ក្នុងនោះម្នាក់បាក់ភ្លៅស្តាំ) ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

...

ម៉ូតូរងការខូចខាតធ្ងន់ ចំណែករថយន្តរងការខូចខាតស្រាល។ ក្រោយកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន សមត្ថកិច្ចបានយកមធ្យោបាយពាក់ព័ន្ធទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់ និងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនអ្នកបើកបររថយន្តដែលបានរត់គេចខ្លួន។ តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print