តារាចម្រៀង ខ្មែរ-ថៃធ្វើឲ្យកក្រើកកម្មវិធី”ខ្មែរញញឹម”

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃ បានធ្វើឲ្យកក្រើកកម្មវិធីប្រគុំតន្ត្រីធំមួយកាលពីរាត្រីថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៦នៅសាលកីឡា Tiffy Arena ជ្រោយចង្វារ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍ផលិតផលជាច្រើនដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីអ្នកផលិតកម្មវិធីបង្កើតឲ្យមានជំនួបតារាខ្មែរ-ថៃល្បីៗជាច្រើនលើកបន្តបន្ទាប់គ្នា។

ក្រោយពីបើកការប្រគំតន្ត្រីយ៉ាងកក្រើកកាលពីលើកទី១ ដោយមានតារាចម្រៀងទិកហ្ស៊ីរ៉ូចូលរួមកាលពីដើមខែមុន ប៉ុស្ដិ៍លេខ៥ក៏បើកការប្រគំតន្ត្រីយ៉ាងកក្រើកជាលើកទី២ដោយមានវត្តមានតារាខ្មែរ និងតារាថៃចូលរួម។ តារាទាំងនោះត្រូវគេឃើញប្រទាញបានអ្នកគាំទ្រដោយឡែកពីគ្នា ដែលធ្វើអោយទិដ្ឋភាពប្រគំតន្ត្រីនៅសាលកីឡា Tiffy Arena ជ្រោយចង្វារ ដែលអមដោយវេទិកាតាំងពិព័រណ៌មានអ្នកទស្សនាយ៉ាងច្រើនកុះករ។

សិល្បករកម្ពុជាមានដូចជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកឆាយ វិរៈយុទ្ធ កញ្ញា យូរី រីឯតារាចម្រៀងថៃចំនួន៣រូបគឺ លោក ខាល់ឡឺភីត លោក ហ៊ន និងលោក កុនិផុន ដែលសុទ្ធតែជាតារាចម្រៀងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសថៃ។

បទចម្រៀងមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ដ៏ពេញនិយមជាច្រើនបទរបស់របស់តារាចម្រៀងទាំងបីរូបខាងលើបានបង្កើតឲ្យមានសំឡេងហ៊ោកញ្ជៀវយ៉ាងកងរំពងពីអ្នកទស្សនា។ អ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥បានបញ្ជាក់ថា ការអញ្ជើញសិល្បករល្បីឈ្មោះនៃព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃឲ្យមកច្រៀងរួមគ្នាលើឆាកតែមួយនេះគឺដើម្បីបង្កើតទស្សនីយភាពប្លែកភ្នែកសម្រាប់ទស្សនិកជន។ អ្នករៀបចំកម្មវិធីបានអះអាងថាវេទិកាដែលតារាទាំងពីរក្រុមប៉ះគ្នារៀងរាល់ដើមខែម្ដងនោះមានឈ្មោះថាតន្ត្រី «ខ្មែរញញឹម» ដោយប៉ុស្ដិ៍លេខ៥ ជាអ្នករៀបចំទាំងស្រុងក្នុងការអញ្ជើញតារាចម្រៀងខ្មែរ និងថៃល្បីៗអោយប៉ះគ្នាមួយខែម្ដង។

ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថា នឹងបន្តធ្វើរហូតដល់ចុងឆ្នាំ២០១៦ ដោយនៅដើមខែក្រោយអ្នករៀបចំកម្មវិធីនឹងបង្ហាញវត្តមានតារាចម្រៀងថៃកាន់តែល្បី ដើម្បីទាក់ទាញអ្នកទស្សនានិងការតាំងពិព័រណ៌។ ផលិតករបញ្ជាក់ដែរថានឹងបន្តបង្កើតឲ្យមានព្រឹត្តិការណ៍ប្រគុំតន្ត្រីដែលមានវត្តមានតារាកម្ពុជា និងថៃ បន្តទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជនកាន់តែច្រើន៕

image image image image image image image image image image

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print