ខេត្តកំពង់ស្ពឺ៖ ក្រោមការចង្អុលណែនាំពីលោកឧត្ដម
សេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្ដកំពង់ស្ពឺ អនុវត្ដករណីកំហែងយក ដោយមានអាវុធនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ សាត រស់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៩ ផ្លាកលេខកណ្ដាល 1AE-7272 ចេញពីផ្ទះមិត្ដភ័ក្ភនៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួចតាមផ្លូវជាតិលេខ៤ពីលិចទៅកើត លុះដល់គីឡូម៉ែត្រ៥៦-៥៧ ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង មានក្រុមជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងតាម
មកពីក្រោយបានយកកាំបិតផ្គាក់ ខ្វេវដងដែកគំរាមកាប់មកលើខ្លួន។ ពេលនោះខ្លួនមានការភ័យខ្លាចក៏បានផ្ដួលម៉ូតូចោលរួចរត់តែម្ដង ចំណែកម៉ូតូត្រូវក្រុមជនល្មើសលើកជិះគេចខ្លួនតែម្ដង។
វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន បានចាត់កម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកាហែង ប៉ុស្តិ៍នគរបាលរដ្ឋបាលធម្មតាអរ និងកំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចេញអន្តរាគមន៍ភ្លាមៗរហូតកំណត់មុខសញ្ញាបាននិងធ្វេីការស្ទាក់ឃាត់មុខសញ្ញាបាន៥នាក់ នៅចំណុចភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ផ្លូវក្រាលកៅស៊ូត្រពាំងអោប ទៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ៖
១-ឈ្មោះ យ៊ាំង សុភ័ស ប្រុស ២០ឆ្នាំ ២-ឈ្មោះ យ៊ាំង ភា ប្រុស ១៨ឆ្នាំ ៣-ឈ្មោះ ឆិល មករា ប្រុស ១៥ឆ្នាំ ៤- ឈ្មោះ អ៊ុំ ចាន់ដេត ប្រុស ១៤ឆ្នាំ ៥- ឈ្មោះ ទឿង វាសនា ប្រុស ១៤ឆ្នាំ បក្ខពួកប្លន់ម៉ូតូខាងលើជាមុខសញ្ញាចាស់ធ្លាប់កាប់ប្លន់យកម៉ូតូកាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ផ្លូវជាតិលេខ៤ គីឡូម៉ែត៦៧-៦៨នៅចំណុចភូមិត្រពាំងអត់ទឹកឃុំគីរីវន្ត ស្រុកភ្នំស្រួច ។
សមត្ថកិច្ចដកហូតបានម៉ូតូ៣គ្រឿង,របស់ជនរងគ្រោះ២គ្រឿងរួមជាមួយកាំបិតផ្គាក់ខ្វេវដងដែក១ និងទូរស័ព្ទដៃ២គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបំពេញនីតិវិធី ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌធ្ងន់ ចំណាត់ការតាមផ្លូវច្បាប់៕