ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយទៀត នៃប្រវត្តិសាស្រ្តអាកាសចរណ៍ស៊ីវិលរបស់ខ្លួន ដោយបើកឱ្យដំណើរការនូវអាកាសយានដ្ឋានខ្នាតយក្ស ប្រភេទ 4F ដែលបង្ហាញពីការអភិវឌ្ឍ និងសមត្ថភាពរបស់កម្ពុជាក្នុងការទទួលជើងហោះហើរដែលកាន់តែមមាញឹកឡើង។ ការពង្រីកអាកាសយានដ្ឋាន គឺជាសក្ខីភាព នៃការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងដឹកជញ្ជូន។
ដោយមានចក្ខុវិស័យដឹកនាំច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រះរាជាណាចក្រកម្ពុជា បោះជំហានឆ្ពោះទៅមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។ នេះជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កូនខ្មែរក្នុងការកសាងសមិទ្ធផលជាប្រវត្តិសាស្រ្តនៅគ្រប់សម័យកាល។
ជាមួយនឹងអាកាសយានដ្ឋានដ៏ថ្មី និងប្រណីតនេះ កម្ពុជាកំពុងឈរលើទីតាំងដ៏អំណោយផលមួយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរពីគ្រប់ទិសទី៕