ខេត្តកណ្តាល៖ រថយន្តម៉ាកVISTO កែច្នៃឃ្លុបដឹកទំនិញ ១គ្រឿង បានរងការឆាបឆេះខណៈកំពុងធ្វើដំណើរ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាជួយទាញបំពង់ពន្លត់អគ្គីភ័យ និងទុយោទឹក ព្រមទាំងដងទឹកជះពន្លត់ ចំណែកឯម្ចាស់ភ័យពេករត់គេចពីកន្លែងកើតហេតុ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ករណីឆេះរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១៥រសៀល ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ចំណែកឯអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះបានគេចខ្លួននៅពេលដែលរថយន្តឆេះ ហើយករណីនេះ អាចបណ្តាលមកពីឆ្លងចរន្តប្រពន្ធ័ភ្លើងរថយន្ត ដោយខ្លួនឯង។
ប្រភពដដែលបានបន្ថែមថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកVISTO ច្នៃធ្វើឃ្លុបសម្រាប់ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T.2685 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់(គេចចេញពីកន្លែងកើតហេតុ ក្រោយរថយន្តឆាបឆេះ) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១១៥ ក្នុងទិសដៅពីលិចទៅកើត ពីស្តុបព្រែកហូរឆ្ពោះទៅស្តុបកាកបាទក្រហម។
ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្បាលរថយន្តត្រង់ម៉ាស៊ីន បង្កជាផ្សែងឈ្មួលខ្មាន់ និងអណ្តាតភ្លើងសន្ធោសន្ធៅឡើង និងបាន ឃើញអ្នកបើកបរ ឈប់ហើយបែកទ្វារចេញពីរថយន្ត។ ឃើញដូច្នោះ សមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នា យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ និងខ្លះទាញទុយោបាញ់ទឹកបាញ់ ខ្លះជួយដងទឹកជះពន្លត់ ហើយមួយ សន្ទុះក្រោយមកភ្លើងក៏បានរលត់ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមកដល់ក៏ត្រឡប់ទៅវិញ ដែលហេតុការណ៍នេះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួស ឬរាលដាល់ទៅដល់ទ្រព្យសម្បត្តិអ្នកដ៏ទៃឡើយ៕