លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ៖ ខ្ញុំសុខសប្បាយ, ខ្ញុំនឹងវិលវិញឆាប់ៗ…

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថា ៖ ខ្ញុំសុខសប្បាយ, ខ្ញុំនឹងវិលវិញឆាប់ៗ…

1.ជីវិត, ជួនកាល, ពិតជាចម្លែក។ វាតែងតែផ្តល់មកនូវប្រផ្នូលល្អឬអាក្រក់និងសញ្ញាផ្សេងៗដែលអាចនឹងស្តែងឱ្យឃើញពីអនាគតកាលឆាប់ៗ បើយើងផ្ចង់ចិត្តពិនិត្យមើលជុំវិញខ្លួនយើង។

2.ឆ្នាំ២០២៥នេះ, ខ្ញុំបាត់បង់ម្តាយក្មេកនៅខែកុម្ភៈ និងម្តាយបង្កើតនៅខែមេសា។ ខ្ញុំនៅចាំថា នៅខែកុម្ភៈ ពេលលាអ្នកម្តាយខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញ ខ្ញុំមានអារម្មណ៍រសាប់រសល់ ហើយពេលខ្ញុំដើរជិតដល់មាត់ទ្វារចេញ, ម៉ាក់បក់ដៃហៅមកវិញ រួចខ្សឹបប្រាប់ថា«ម៉ាក់សុំឱបមួយ»។ ប៉ុន្មានសប្តាហ៍ក្រោយមក ម៉ាក់លាចាកលោកនេះបាត់ទៅ ខ្ញុំត្រូវត្រឡប់ទៅបារាំងវិញម្តងទៀត ដើម្បីរៀបចំបុណ្យសពគាត់។

3.ចាប់ពីខែមេសានោះមក ខ្ញុំសម្រេចចិត្តផ្ចង់ចិត្តលើសញ្ញាផ្សេងៗទោះជាវាគ្មានន័យភ្លាមៗក្តី ដ្បិតក្នុងចន្លោះពេលតែ២ខែប៉ុណ្ណោះ ភរិយាខ្ញុំ និងខ្ញុំ យើងអស់មានម្តាយហៅនឹងគេ។ ខ្ញុំគិតថា ឆ្នាំ២០២៥ ពិតជាឆ្នាំកាច និងមិនប្រក្រតី។

4.ត្រឡប់មកដល់ភ្នំពេញវិញ ខ្ញុំចូលធ្វើការភ្លាម។ យើងផ្តើមរៀបចំដំណើររបស់ សម្តេចធិបតី ដែលត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦នៅម៉ាឡេសុី នៅចុងខែឧសភា, រួចហើយ ត្រូវបង្ហួសទៅជប៉ុន ដើម្បីបំពេញទស្សនិច្ចផ្លូវការនៅតូក្យូ។ ពេល សម្តេចធិបតីកំពុងបំពេញទស្សនកិច្ចនៅជប៉ុន ភាពតានតឹងកម្ពុជា-ថៃ ផ្តើមកើនឡើង។ ខ្ញុំដូចជាមានអារម្មណ៍ថា សង្គ្រាមអាចនឹងផ្ទុះឡើងវិញ នៅឆ្នាំ២០២៥នេះ ដូចក្នុងឆ្នាំ២០០៨អុីចឹង។ គឺជាក្តីព្រួយបារម្ភមួយធំ។ ត្រឡប់ពីជប៉ុនមកវិញ យើងមានពេល បីបួនថ្ងៃ ដើម្បីរៀបចំដំណើររបស់ សម្តេចធិបតី ទៅទីក្រុងនីស ប្រទេសបារាំង ក្នុងគោលដៅចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣(UNOC3)។

5. នៅថ្ងៃ២៤កក្កដា សង្គ្រាមកម្ពុជា-ថៃ ផ្ទុះឡើងមែន, សាហាវ និងឃោរឃៅក្រៃលែង។ អតីតកាលវិលមកលងបច្ចុប្បន្នកាល។ យប់នោះ ខ្ញុំគេងមិនលក់ ដឹងខ្លួនថា នៅក្នុងកាយ បេះដូងលោតខុសចង្វាក់, នឹកស្រណោះស្រុកខ្មែរ, នឹកឃើញសង្គ្រាមក្នុងអតីតកាលដែលខ្ញុំបានឆ្លងកាត់ តាំងពីអាយុ៦ឆ្នាំដល់១៥ឆ្នាំ រហូតដល់ត្រូវភៀសខ្លួនចេញពីប្រទេស មុននឹងបានទៅរស់នៅស្រុកបារាំង នៅឆ្នាំ១៩៧៩។ មាតុភូមិកម្ពុជាពិតជាអភ័ព្វមែន!

6.ស្អែកព្រឹកឡើង, ថ្ងៃ២៥កក្កដា, មិនបង្អែបង្អង់ឡើយ, ខ្ញុំសម្រេចទៅជួបលោកគ្រូពេទ្យបេះដូង នៅភ្នំពេញ។ ក្រោយពី
ពិនិត្យដិតដល់រួចហើយ លោកគ្រូពេទ្យពន្យល់ថា សរសៃបេះដូងខ្ញុំ(Coronaires du coeur)ចំនួនពី២ទៅ៣ខូចនិងរួញតូច ជាយូរឆ្នាំកន្លងមកហើយ។ ប៉ុន្តែ យោងតាមលោកគ្រូពេទ្យ ដាក់Stents មិនបានទេ ពីព្រោះជាកន្លែងដែលធ្លាប់ដាក់Stents រួចម្តងទៅហើយ។ គាត់សម្រេចបើកថ្នាំឱ្យលេបសិន។

7.យ៉ាងណាក៏ដោយ, ថ្ងៃ២៨កក្កដា, ខ្ញុំមានឈ្មោះ អមដំណើរ សម្តេចធិបតី និងគណប្រតិភូជាន់ខ្ពស់ទៅចរចាបទឈប់បាញ់ជាមួយភាគីថៃ នៅម៉ាឡេសុី ក្រោមកិច្ចសហការរៀបចំរបស់ម៉ាឡេសុី និងអាមេរិក ព្រមទាំងមានចិនជាប្រទេសសង្កតការណ៍។ ថ្ងៃ២៨កក្កដាល្ងាច, ពេលត្រឡប់ពីម៉ាឡេសុីមកដល់កម្ពុជាវិញ, សម្តេចធិបតី ផ្តល់កិត្តិយស្តឱ្យខ្ញុំប្រកាសលទ្ធផលជូនប្រជាជាតិ នៅចំពោះមុខបណ្តាអ្នកសារព័ត៌មានជាច្រើន នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង។

7.ប៉ុន្មានថ្ងៃ បន្តបន្ទាប់មកទៀត, ខ្ញុំបន្តតាមដានសភាពការណ៍នៅជាយដែន, ស្រាវជ្រាវព័ត៌មានពិសេសពីប្រភពអន្តរជាតិ និងចូលរួមជាមួយ ឧប. ប្រាក់ សុខុន និងក្រសួងការបរទេស ដើម្បីពន្យល់អង្គទូតបរទេសថា កម្ពុជាស្រឡាញ់សន្តិភាព ហើយគោរពខ្ជាប់ខ្ជួនបទឈប់បាញ់។ ប៉ុន្តែ ទន្ទឹមនេះខ្ញុំក៏មិនភ្លេចផ្ចង់ចិត្តស្តាប់ស្នូរបេះដូងខ្ញុំដែរ។ ចង្វាក់របស់វានៅតែមិនប្រក្រតី រីឯការ ដកដង្ហើមមានលក្ខណៈដង្ហក់ជាងមុន។

8.ទីបំផុត ខ្ញុំដាច់ចិត្តសុំច្បាប់ សម្តេចធិបតី ១០ថ្ងៃ ទៅផ្ទះខ្ញុំនៅស្រុកបារាំង។ គោលដៅគឺជួបគ្រូពេទ្យបេះដូងដែលជាមិត្តភក្តិ និងដែល តាំងពីឆ្នាំ២០១៥មក ព្យាបាលជំងឺសរសៃបេះដូងរបស់ខ្ញុំ។ ជួបរួចហើយ លោកពេទ្យ និយាយក្នុងន័យមិត្តភាពថា បើមិនវះកាត់បេះដូងឱ្យហើយទេ គាត់នឹងមិនអនុញ្ញាតឱ្យខ្ញុំឡើងយន្តហោះត្រឡប់ទៅភ្នំពេញវិញទេ។

9.ខ្ញុំអត់គិតយូរទេ ថ្ងៃហ្នឹង, ប្រាប់ពេទ្យវិញភ្លាមថា ខ្ញុំព្រមវះ បើបានឆាប់រឹតពីល្អ។ លក្ខខណ្ឌមានតែមួយគាត់ គឺសូមឱ្យគាត់ជួយរកសាស្ត្រាចារ្យល្បីឈ្មោះម្នាក់ពូកែខាងវះកាត់បេះដូង ពីព្រោះមកទល់ពេលនេះ ២០២៥ជាឆ្នាំកាច សម្រាប់ខ្ញុំនឹងគ្រួសារខ្ញុំ។ ទីបំផុត ខ្ញុំទទួលការវះកាត់ នៅមន្ទីពេទ្យPitiée Salpêtrière ក្នុងទីក្រុងប៉ារីស នៅព្រឹកថ្ងៃសុក្រទី២៩សីហា។ គឺជាការវះកាត់ដោយបើកចំហដើមទ្រូង និងដោយត្រូវបញ្ឈប់ដំណើរកាេបេះដូងរយៈពេលបីម៉ោង។ ប៉ុន្តែ ជាងមួយថ្ងៃក្រោយការវះកាត់, ឈាមនៅតែហូរហើយកកនៅក្រោមឆ្អឹងSternum(ជាបាតុភាពកម្រ ក្នុង១០០នាក់ វាអាចកើតលើមនុស្សម្នាក់)។ នៅម៉ោង៣ភ្លឺថ្ងៃ៣១សីហា, ក្រុមលោក
សាស្ត្រចារ្យ សម្រេចវះបើកចំហដើមទ្រូងជាលើកទី២ ដើម្បីធ្វើឱ្យឈាមស្ងួត និងកាយយកឈាមកកចេញ។

10.

ការវះកាត់លើកទី២នេះ ពិតជាជួយស្រោចស្រង់ជីវិតខ្ញុំមែន។លោកសាស្ត្រាចារ្យដែលពីអំណើះតទៅក្លាយជាមិត្តភក្តិដ៏ជិតស្និតម្នាក់ ប្រាប់ខ្ញុំទាំងញញិមញញេមថា សរសៃបេះដូងទាំង៣ដែលគាត់ដូរឱ្យ អាចជួយបេះដូងខ្ញុំឱ្យដំណើរការ បានយ៉ាងតិច២៥ឆ្នាំតទៅមុខទៀត😊😁។ ចំពោះលោកសាស្ត្រចារ្យនិងក្រុមគ្រូពេទ្យរបស់គាត់ដែលសុទ្ធជាសប្បុរសជន, មនុស្សជាតិនិយម (Humanistes)និងពិតជាពូកែវះកាត់ ខ្ញុំសូមសំពះដឹងគុណ មួយជីវិត។

10.ពីពេលនេះទៅ ខ្ញុំត្រូវការពេលដើម្បីស្តារកម្លាំងកាយនិងកម្លាំងប្រាជ្ញាឱ្យបានបរិបូរវិញ មុននឹងវិលត្រឡប់ទៅបម្រើមាតុភូមិយើងវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print