ខេត្តព្រះសីហនុ ៖ នេះជាស្ពានលេខ១២-១៣ (ផ្លូវជាតិលេខ៤)ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ។
ស្ទើររៀងរាល់ឆ្នាំ ស្ពាននេះតែងរងការជន់លិច កាត់ផ្តាច់ចរាចរណ៍ ពេលរដូវទឹកដំឡើង ជាពិសេសនៅអំឡុងសីហា និងកញ្ញា។ នេះជាការលើកឡើងពី លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក ផន រឹម បន្តថា ៖ បច្ចុប្បន្នស្ពានចាស់ កម្ពស់ទាប និងតែងលិចទឹក ត្រូវបានជំនួសដោយស្ពានថ្មីដែលមានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចលង់ទៀតហើយ។
ប្រជាពលរដ្ឋតែងហៅថា «ស្ពានស្ទឹងសំរោង»មានទទឹង ១១ម៉ែត្រ ,បណ្តោយ ១៦០ម៉ែត្រ ចែកចេញជា ៨ប្រឡោះ ដោយប្រឡោះនីមួយៗប្រវែង ២០ម៉ែត្រ ធ្វើពីបេតុង ក្រាលកៅស៊ូACពីរស្រទាប់ ស្ថិតនៅចំណុចPK115+935 ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ស្ពានស្ទឹងសំរោង ចាប់ផ្តើមសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ចប់ការសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរីករាយជាមួយសមិទ្ធផលជាតិ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាសម័យតេជោធិបតី៕
ដោយ ៖ សិលា