ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទឹកប្រាក់ប្រមាណ៣០លានដុល្លារ ត្រូវបានក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable របស់ចិន សម្រេចចុះMOU ជាមួយក្រុមហ៊ុន Nongde Agricultural Development របស់កម្ពុជា ដើម្បីនាំចេញបន្លែ-ផ្លែឈើកម្ពុជា ទៅលក់នៅទីផ្សារខេត្តហឺណាន។
ពិធីអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable និងក្រុមហ៊ុន Nongde Agricultural Development ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០កញ្ញា ឆ្នាំ២០២៥ ក្រោមការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល និង លោក Zheng Haiyang អភិបាលរងខេត្តហឺណាន ប្រទេសចិន។ ក្នុងនោះ អនុស្សរណៈធ្វើឡើងក្នុង គោលបំណងជំរុញការនាំចេញបន្លែ និងផ្លែឈើកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាមួយទំហំ ទឹក ប្រាក់ ប្រមាណ៣០ លាន ដុល្លារ ក្នុង រយៈពេល២ ឆ្នាំ ខាង មុខ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកស្តី ចម និម្មល ក៏បានពិភាក្សាជាមួយអភិបាលរងខេត្តហឺណាន អំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិន លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុង ទិសដៅពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា និងខេត្តហឺណាន ជាពិសេសលើការ នាំចេញ ផលិតផល កសិកម្មកម្ពុជា ទៅកាន់ ទីផ្សារ ប្រទេស ចិន ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ស្នើឱ្យវិនិយោគិនចិន មកបណ្តាក់ទុន ធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម៕
ដោយ៖តារា