ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីពិព័រណ៍ EducationUSA Fair ឆ្នាំ២០២៥ជាផ្លូវការ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Benjamin Chiang ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត សោម រតនា បានសម្ដែងក្ដីសេចក្តីសោមន្សរីករាយ ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងតំណាងសាកលវិទ្យាល័យមកពីសហរដ្ឋអាមេរិកទាំងអស់ ដែលបានបន្តបើកឱកាសឱ្យសិស្សានុសិស្សកម្ពុជាទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងការលើកកម្ពស់ និងចាត់ទុកការអប់រំជាកត្តាអាទិភាព។ លោកបណ្ឌិត បានមានប្រសាសន៍ថា កម្មវិធីនេះជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅសហរដ្ឋអាមេរិក អាចមកជួប និងសួរសំណួរនានាដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យមកពីសហរដ្ឋអាមេរិក។
លោក បានគូសបញ្ជាក់បន្ថែមថា មិនថាប្រទេសជាតិស្ថិតក្នុងដំណាក់កាលសន្តិភាព ឬសង្រ្គាមនោះទេ រឿងដែលសំខាន់គឺការអភិវឌ្ឍធនធានមនុស្សនៅតែជាកត្តាចាំបាច់ ដូចអ្វីដែលលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ហើយថា «ការស្នេហាជាតិគឺចាប់ផ្តើមពីការពង្រឹងខ្លួនឯង» ។ លោកក៏បានលើកទឹកចិត្តឱ្យអាណាព្យាបាល សិស្សានុសិស្សកម្ពុជា និងអ្នកចូលរួមទាំងអស់ ឱ្យចាប់យកឱកាសដ៏មានតម្លៃទាំងនេះដើម្បីសិក្សាស្វែងយល់ពីមុខជំនាញ ឱកាសអាហារូបករណ៍ និងបរិបទនៃការសិក្សាក្រៅប្រទេស ដើម្បីឈានឆ្ពោះទៅការផ្លាស់ប្តូរបទពីសោធន៍ថ្មីក្នុងការបន្តការសិក្សា។
គួរបញ្ជាក់ផងដែរថា EducationUSA ជាបណ្តាញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានមជ្ឈមណ្ឌលប្រឹក្សាជាង ៤៣០ នៅទូទាំងពិភពលោក ក្នុងនោះនៅកម្ពុជាមានមជ្ឈមណ្ឌលប្រឹក្សាចំនួន ២ គឺនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។
ដោយឡែកពិព័រណ៍ EducationUSA ប្រចាំឆ្នាំ ដែលរៀបចំឡើងជាមួយស្ថានទូតសហរដ្ឋអាមេរិកនាពេលនេះ បានប្រមូលផ្តុំសាកលវិទ្យាល័យច្រើនជាង ១០ របស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសញ្ញាបត្រ ការចូលរៀន និងឱកាសអាហារូបករណ៍នានាផងដែរ ខណៈដែលបច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាប្រហែល ១០០០ នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក៕
ដោយ៖តារា