ខ្លឹមសារផ្ដល់ជូនអ្នកសារព័ត៌មានដោយអ្នកនាំពាក្យក្រសួង ស្ដីពីជំនួបសម្ដែងការគួរសមរបស់ លោក Olivier RICHRD ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Oliver RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋាន ប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អះអាងនូវការ ប្តេជ្ញាចិត្តមុតមាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ លោកឯកអគ្គរដ្ឋទូត ដើម្បីបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីបន្តសមិទ្ធិផល របស់លោកឯកអគ្គរដ្ឋទូតចប់អាណត្តិមុនៗ។

ក្នុងឱកាសជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរ បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសន្ទនាកម្រិតខ្ពស់ ជាពិសេសជំនួបពិភាក្សាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិលើកទី៣ស្តីពីមហាសមុទ្រ នៅទីក្រុងនីស កាលពីខែមិថុនា កន្លងមក។ ជំនួបផ្លាស់ប្តូរយោបល់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចុះហត្ថ- លេខា និងការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយ ចីរភាព នៅក្រៅដែនយុត្ថាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (BBNJ) និងការគាំទ្រ សន្ធិសញ្ញា « Nice Wake-Up Call for an Ambitious Plastics Treaty» ។ ភាគីទាំងពីរ ក៏បានបង្ហាញពីការ ពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ និងបានឯកភាពរៀបចំសម័យប្រជុំលើកទី ៣ នៃកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីកម្ពុជា-បារាំង ចុងឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះការបន្តគាំទ្ររបស់បារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ បារាំង (AFD)។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជារបស់គណៈប្រតិភូធុរជនបារាំង MEDEF International និងបានកោតសរសើរចំពោះតួនាទីយ៉ាង សកម្មរបស់ MEDEF ក្នុងការចូលរួមជាមួយសហគ្រាសបារាំងនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការវិនិយោគ បន្ថែមនៅវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត នូវវឌ្ឍនភាពទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print