ភ្នំពេញ៖ សង្ស័យជា ក្រុមក្មេងទំនើង ក្រុមចាក់អង្រែ (CA) ,ក្រុមផ្សារក្រមួន និង ក្រុមតាខ្មៅត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បង្ក្រាប បានជាបន្តបន្ទាប់និងនាំយកបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២៥បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះប្រដាប់ដោយដាវ ដុំថ្ម បង្កហឹង្សា ដោយចេតនាកាប់និងវាយទៅលើជនរងគ្រោះចំនួន៣ករណីបណ្ដាឲ្យស្លាប់ម្នាក់និងរបួស៤នាក់។
ក្មេងទំនើងដែលបង្ហាញមុខត្រូវបានសមត្ថកិច្ចឲ្យដឹងថា ១-ឈ្មោះ ចេន ឌី ហៅ ឌី ប្រុស អាយុ១៨ ឆ្នាំ ,២-ឈ្មោះ ឆេន វិសាល ហៅ សាល ភេទប្រុស អាយុ១៨ឆ្នាំ
,៣. ឈ្មោះ ចិត្ត វិច្ឆកា ហៅ ការ ភេទប្រុស អាយុ១៩ឆ្នាំ
,៤. ឈ្មោះ លី ស៊ីនួន ហៅ នួន ភេទ ប្រុស អាយុ១៨ឆ្នាំ
,៥. ឈ្មោះ ឈុន គីមឈាង ហៅ ឈាង ភេទប្រុសអាយុ២០ឆ្នាំ,៦. ឈ្មោះ រឿង ចាន់តារា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ,៧.ឈ្មោះ ជឹម សានីត ហៅ នីត ភេទស្រី អាយុ១៧ឆ្នាំ,៨.ឈ្មោះ អ៊ុក រស្មី ហៅ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ,៩.ឈ្មោះ លាង ប៊ុនហាក់ ហៅ ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ,១០.ឈ្មោះ ថៃ ចាន់ថន ហៅ ឈៀង ភេទប្រុស អាយុ១៩ឆ្នាំ ,១១.ឈ្មោះ ពឹង ម៉ីញគ័ង ហៅ តូនី ភេទប្រុស អាយុ១៨ឆ្នាំ,១២.ឈ្មោះ ជាវ វឌ្ឍនា ហៅ លុច ភេទប្រុស អាយុ១៨ឆ្នាំ
,១៣.ឈ្មោះ ផន វិសាល ហៅ សាល ភេទប្រុស អាយុ១៨ឆ្នាំ និង១៤-ឈ្មោះ ជឿន សុជា ភេទប្រុស អាយុ ២០ឆ្នាំ ។
លោកវរសេនីយ៍ឯកម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងបញ្ជារផ្ទាល់ ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន សហការជាមួយអធិការនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ ដោយឃាត់ជន សង្ស័យចំនួន១៤នាក់ ជាប្រភេទក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និង ក្រុមតាខ្មៅនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។នៅក្នុងការឃាត់ខ្លួនក្មេងទំនើងនេះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន០៧ គ្រឿង និងដាវកែច្នៃចំនួន០២ដើម ជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯកម៉ម សាវន បានអោយដឹងទៀតថា ក្រុមក្មេងទំនើងនេះបង្ករហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន៣ករណីផ្សេងគ្នា។ករណីទី១: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ព្រួតគ្នាយកដាវកែ ច្នៃដេញកាប់ ហើយយកមួកសុវត្ថិភាពគប់លើជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាចំនួន០២ នាក់ បណ្តាលឲ្យអ្នកបើកម៉ូតូរេចង្កូតទៅបុកគម្របលូស្លាប់ ហើយអ្នកអង្គុយខាងក្រោយរត់គេចខ្លួនចូលពួនក្រោមរថយន្ត ហើយជនសង្ស័យយកដាវកែច្នៃតាមកាប់ចំកែងជើងរយះចេញឈាមរងរបួសធ្ងន់។ករណីនេះ
ប្រព្រឹត្តនៅចំណុចមុខហាងលក់ម៉ូតូ យីហោ”ឈុតជារ៉ុង”ផ្ទះគ្មានលេខ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ។
ជនរងគ្រោះ១-ឈ្មោះ ចាន់ សុវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ (ស្លាប់)
និង២-ឈ្មោះ ម៉ុល ពៅ ត្រូវមិត្តភក្តិនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ។
ករណីទី២: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកជើងធាក់ម៉ូតូឲ្យដួល រួចយកដាវកែច្នៃកាប់លើ ជនរងគ្រោះបណ្តាល ឲ្យរងរបួសដេរចំនួន១០ថ្នេរកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ២១៧ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្រមនោះ ជាក្រុមក្មេងទំនើងឈ្មោះ ចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និងក្រុមតាខ្មៅ)។
ករណីទី៣: ជាក្រុម ក្មេងទំនើងមានបក្ស ពួក ចំនួន ១២ម៉ូតូ និង ២៣នាក់ បានធ្វើសកម្មភាព វាយ នឹងគប់ ដុំថ្ម ទៅលើ ជនរងគ្រោះ បណ្តាលអោយរបួសធ្ងន់ម្នាក់ នឹង ស្រាលម្នាក់ នៅចំណុចមុខ នាយកដ្ឋានអង្គរក្ស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។បន្ទាប់ពីបង្ហាញមុខសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕