ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន ខណៈដែលខឹងរឿងបាត់មាន់១ក្បាល ហើយបែរទៅជាវាយនិងគំរាមរកកាប់ទៅលើស្ត្រីអ្នកជិតខាងម្នាក់ បណ្តាលឱ្យរងរបួស ហើយដោយទ្រាំនូវទង្វើរដដែលៗលែងបានក៏ប្តឹងឱ្យនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនតែម្តងពីបទហិង្សាដោយចេតនា។ ការឃាត់ខ្លួនបុរសសង្ស័យដែលប្រើហិង្សាលើស្ត្រីវ័យចំណាស់ខាងលើនេះ កើតឡើងកាលពីល្ងាចថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា បុរសជាជនដៃដល់ដែលនគរបាលឃាត់ខ្លួននោះ ឈ្មោះ ញឹម វុទ្ធី អាយុ៤៣ឆ្នាំ រស់នៅក្នុងដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ ចំណែកឯស្ត្រីវ័យចំណាស់រងគ្រោះមានឈ្មោះ ណុប កក្កដា អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួចបានបន្តថា នៅមុនពេលឈានទៅដល់ធ្វើការឃាត់ខ្លួនបុរសជាជនដៃដល់ខាងលើនោះគឺ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឈ្មោះ ណុប កក្កដា ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹងទៅលើឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ពីបទហិង្សាដោយចេតនា ដើម្បីឱ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍រកយុត្តិធម៌ ។
ស្ត្រីជនរងគ្រោះបានរៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពីវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ពេលដែលស្ត្រីរងគ្រោះ(នាងខ្ញុំ) កំពុងដាំបាយនិងលាង ចាននៅក្នុងផ្ទះបាយ ស្រាប់តែមានឈ្មោះ ញឹម វុទ្ធី បានស្រែកហៅខ្ញុំឱ្យចេញពីខាងក្នុងផ្ទះបាយ រួចជេរប្រមាថមកលើរូបនាងខ្ញុំ និងបានយកបាយដែលខ្លួនកំពុងហូបបានជះដាក់ក្បាលនាងខ្ញុំ និងបម្រុងយកចានបាយគប់ ប៉ុន្តែនាងខ្ញុំចាប់ទាន់ ស្រាប់តែឈ្មោះខាងលើបានចាប់បោចសក់នាងខ្ញុំបោកផ្ទប់និងដី និងបានទះកំផ្លៀង ហើយដាល់ជាច្រើនដៃចំទ្រូងនិងក្បាល ក៏ត្រូវកូនប្រុសរបស់ខ្ញុំនិងអ្នកជិតខាងបានចូលមកជួយឃាត់ ។
ស្ត្រីរងគ្រោះដដែលបានរៀបរាប់ទៀតថា បន្ទាប់មក ដល់វេលាម៉ោង១៧និង១០នាទីថ្ងៃទី៩ខែកញ្ញា ដដែលស្រាប់ តែឈ្មោះ ញឹម វុទ្ធី បានបន្ដកាន់កាំបិតផ្គាក់ ដើរចេញពី ផ្ទះរបស់ខ្លួនយកមកកាប់របងផ្ទះរបស់នាងខ្ញុំ និងបានជេរប្រមាថមកលើរូបនាងខ្ញុំ ព្រមទាំងបានយកកាំបិតផ្គាក់ដែលកាន់នៅដៃរបស់គេស្រាប់ ដើរចូលមករកកាប់នាងខ្ញុំ ប៉ុន្តែនាងខ្ញុំបានរត់គេចខ្លួនទាន់។
នគរបាលស្រុកភ្នំស្រួចបានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាជនរងគ្រោះ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង ក៏បានហៅជនសង្ស័យឈ្មោះ ញឹម វុទ្ធី មកសួរនាំ។ ជនសង្ស័យដៃដល់ខាងលើ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព ដូចការរៀបរាប់ខាងលើរបស់ស្ត្រីរងគ្រោះពិតប្រាកដមែន ។
មូលហេតុដែលរូបគេប្រើហិង្សា និងគំរាមទៅលើស្ត្រីវ័យចំណាស់នោះគឺដោយសារតែទាស់ពាក្យសម្ដីរឿងបាត់មាន់១ក្បាល រកមិនឃើញ ក៏ក្លាយជាកំហឹងទប់មិនជាប់។ នគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យដៃដល់ខាងលើ រួមជាមួយនិងវត្ថុតាង នគរបាលជំនាញបានកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕