សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាក្រុមជនស៊ីវិលធ្វើសកម្មភាពបាញ់ជាច្រើនគ្រាប់នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើគ្រឿងផ្ទះ

ចែករំលែក៖

ខេត្តក្រចេះ÷ សមត្ថកិច្ចខេត្តក្រចេះកំពុងស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលមួយក្រុមដែលបានធ្វើសកម្មភាពបាញ់បោះជាច្រើនគ្រាប់នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើគ្រឿងផ្ទះ និងចាប់វាយខ្នោះម្ចាស់គោយន្តកន្ត្រៃម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្គរ ស្ថិតនៅក្នុងភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលម្ចាស់គោយន្តកន្ត្រៃ២នាក់បានបើកបរដឹកឈើគ្រឿងផ្ទះប្រមាណជាង២០កន្ទុយ ពីចំណុចសណ្ដាយ មកកាន់ភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុវេលាម៉ោង ១១:០០ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ពួកគាត់ឮសូរគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ ប៉ុន្តែមិនដឹងជាករណីអី្វនោះទេ លុះដល់សភាពស្ងប់ស្ងាត់បន្តិច ពួកគាត់ក៏ចេញទៅមើល ឃើញមានមនុស្សចំនួនបួនប្រាំនាក់ ដែលមានរថយន្តឡិចស៊ីស470 មួយគ្រឿង និងរថយន្តឡិចស៊ីស RX300 ពណ៌ស១គ្រឿង តែពួកគាត់មិនហ៊ានចេញទៅមើលទេ ។

ដោយឡែកប្រភពពីក្រុមជនរងគ្រោះបានឲ្យដឹងថា ពួកគាត់បានដឹកឈើជាង២០កន្ទុយពីចំណុចទីតាំងខាងលើ ដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើតហេតុ ក្រុមបក្សពួកជនស៊ីវិលមួយក្រុមជិះរថយន្តម៉ាក Lexus 470 ពណ៌ស្ករ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ ២F-9979 និងរថយន្ត Lexus RX300 ពណ៌ស១គ្រឿងទៀតបានធ្វើសកម្មភាពដេញតាមគោយន្តកន្ត្រៃរបស់ខ្លួន ។

ប្រភពបន្តថា ខណៈពួកគេដេញតាមនោះក៏បានដកកាំភ្លើងខ្លី១ដើមនិងកាំភ្លើងវែង១ដើមទៀតធ្វើសកម្មភាពបាញ់ស្រោចមកលើគោយន្តកន្ត្រៃរបស់ពួកគាត់ដែលកំពុងតែធ្វើដំណើរនិងបានស្រែកបញ្ជាឲ្យឈប់ ប៉ុន្តែដោយសារពួកគាត់មានការភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរបស់ខ្លួនបន្តដំណើរទៅមុខក៏ត្រូវបានក្រុមជនទាំងនោះបើករថយន្តមកកាក់ពីមុខ ធ្វើឱ្យគោយន្តកន្ត្រៃគេចក្រឡាប់នៅចំណុចទីតាំងកើតហេតុខាងលើ ហើយក៏បានរត់គេចខ្លួនបានម្នាក់និងម្នាក់ទៀតក៏ត្រូវបានក្រុមជនស៊ីវិលនោះចាប់វាយនឹងកាំភ្លើងហើយជាន់កវាយខ្នោះចាប់ពីម៉ោង ១១យប់រហូតដល់ម៉ោង២រំលងអធ្រាត្រ ទើបដោះខ្នោះចេញពីដៃ និងបញ្ជាឲ្យបើកគោយន្តកន្ត្រៃនោះទៅដាក់នៅទីតាំងស្នាក់ការរដ្ឋបាលព្រៃឈើ រួចក៏បានដោះលែងឲ្យត្រឡប់ទៅលំនៅឋានវិញនៅពេលទៀបភ្លឺ ។

ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅស៊ើបអង្កេតស្រាវជ្រាវពិនិត្យនៅលើចំណុចទីតាំងកើតហេតុក៏រកឃើញសំបកគ្រាប់កាំភ្លើង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ។ 

ដោយឡែកប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ពាក់ព័ន្ធនឹងគោយន្តកន្ត្រៃដឹកឈើខាងលើនោះត្រូវបានកម្លាំងកូនចៅរបស់ព្រះរាជអាជ្ញាយកទៅផ្ញើទុកនៅថ្នាលបណ្ដុះកូនឈើខ្សា កាលពីយប់មិញ ។ ករណីនេះមិនមែនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអ្នកទៅចាប់នោះទេ ហើយរហូតដល់ម៉ោងនេះក៏មិនទាន់បានប្រគល់និងទទួលពីស្ថាប័នណាដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print