អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ទាត់ចោលព័ត៌មានប្រឌិតថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺមួយ ដោយធ្វើការទាត់ចោលទាំងស្រុងចំពោះការព័ត៌មានដែលបានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ។

អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតខាងលើ និងសូមបំភ្លឺជូនសាធារណជន ដូចខាងក្រោម៖

-ទី១៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាព និងព្យាបាលជំងឺជាប់ជាប្រចាំ ជូនកងទ័ពជួរមុខ

-ទី២៖ អង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានអង្គភាពជួរមុខ បាននិងកំពុងពិនិត្យព្យាបាលជំងឺជូនកងទ័ពជួរមុខជាប់ជាប្រចាំ ទាំងមុនពេល អំឡុងពេល និងក្រោយពេលប្រយុទ្ធ

-ទី៣៖ ចំពោះស្ថានភាពជំងឺរបស់យោធិនដែលតម្រូវឲ្យមានការព្យាបាលកម្រិតស្រាល អ្នកជំងឺត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យយោធារបស់អង្គភាពជួរមុខ ចំពោះការព្យាបាលកម្រិតមធ្យម អ្នកជំងឺត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ស្រុក និងខេត្ត។ ចំពោះការព្យាបាលកម្រិតធ្ងន់ អ្នកជំងឺត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលសហការ ជាមួយអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ បានបញ្ជូនក្រុមគ្រូពេទ្យប្រចាំការ ជាប់ជាប្រចាំនៅតាមទិសសមរភូមិមុខ ចាប់តាំងពីមុនពេលប្រយុទ្ធរហូតដល់បច្ចុប្បន្ន ថែមទាំងមានសម្ភារៈ គ្រឿងបំពាក់សុខាភិបាល និងថ្នាំពេទ្យឆ្លើយតបតាមតម្រូវការ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print