ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមហ៊ុន ALL DREAMS CAMBODIA ចូលជួបពិភាក្សាលើគំនិតផ្ដួចផ្ដើមពាក់ព័ន្ធនឹងការអប់រំ និងវប្បធម៌។ ជំនួបពិភាក្សានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ព្រមទាំងក្រុមការងារតំណាងក្រុមហ៊ុន ALL DREAMS CAMBODIA។
ក្នុងជំនួបពិភាក្សានេះ លោក Jacques GUICHANDUT តំណាងក្រុមហ៊ុន ALL DREAMS CAMBODIA បានលើកឡើងពីគំនិតផ្ដួចផ្ដើមពាក់ព័ន្ធនឹងការអប់រំ និងវប្បធម៌ចំនួន ២ រួមមាន៖
(១) ការប្រកួតប្រជែងពានរង្វាន់ចម្រៀងអន្តរជាតិជាពួកលើកទី២ “Royal Choral Award” នៅរាជធានីភ្នំពេញ អំឡុងខែឧសភា ឆ្នាំ២០២៧ ។
(២) កម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំក្រុមចម្រៀងជាពួក។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងក្នុងការជំរុញឱ្យមានការចូលរួមពីសំណាក់គ្រូបង្វឹក និងក្រុមចម្រៀងកម្ពុជា នៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា និងនៅក្នុងការប្រកួតប្រជែងពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២៧។
តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ALL DREAMS CAMBODIA សម្រាប់គំនិតផ្ដួចផ្ដើមខាងលើ និងបានលើកទឹកចិត្តឱ្យមានការរៀបចំការបណ្ដុះបណ្ដាលគ្រូបង្រៀនជាមួយអ្នកស្ម័គ្រចិត្ត ឬគ្រូបង្វឹក និងការហ្វឹកហាត់ការច្រៀងចម្រៀងជាពួកនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពាក់ព័ន្ធនានា នៅតាមគ្រឹះស្ថានសិក្សាផងដែរ ៕
ប្រភព ៖ ក្រសួងអប់រំ