ភ្នំពេញ៖ ក្រោយឃើញការផ្សព្វផ្សាយនោះហើយ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកអធិការនគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។ នារសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានរកឃើញបុរសជាឪពុក និងកូនស្រីហើយធ្វើការសួរនាំបុរសជាឪពុកនោះ។
យោងតាមចម្លើយរបស់បុរសជាឪពុក ថាគាត់មានឈ្មោះ សុខ វ៉ាន់ឌី មុខរបររើសអេតចាយ ប្រពន្ធរបស់គាត់ស្លាប់ជាច្រើនឆ្នាំមកហើយ មូលហេតុដែលគាត់ដាក់ច្រវ៉ាក់កដៃកូនស្រី ដោយសារខ្លាចកូនស្រីរបស់គាត់ដើរចេញឆ្ងាយ ដោយបារម្ភកូនរង្វេងពីគាត់ ព្រោះកន្លងមកគាត់បានបាត់កូនមួយថ្ងៃទៅពីរថ្ងៃទម្រាំរកឃើញវិញ គាត់មិនមានបំណង់អាក្រក់ធ្វើបាបលើកូនស្រីនោះឡើយ។
បច្ចុប្បន្នសមត្ថកិច្ចបានណែនាំអប់រំបុរសជាឪពុកមិនឱ្យដាក់ច្រវ៉ាក់កដៃកូនស្រីទៀតទេ និងជូនថវិការមួយចំនួនជូនគាត់ដែលមានការខ្វះខាត។ បន្ទាប់មកសមត្ថកិច្ចបានទំនាក់ទំនងទៅមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាន រាជធានីភ្នំពេញ ដើម្បីយកក្មេងស្រីមើលថែទាំ៕ដោយ ៖ ភារ៉ា ដង្កោ