ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តព្រៃវែង មានលក្ខណៈល្អប្រសើរ ដោយបទល្មើសផ្សេងៗមានការថយចុះ ខណៈបទល្មើសដែលកើតឡើង ក៏ត្រូវបានសមត្ថកិច្ចបង្រ្កាបស្ទើរតែគ្រប់ករណី។ នេះបើយោងតាមលោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ ខេត្តព្រៃវែង មានបទល្មើសព្រហ្មទណ្ឌកើតឡើងសរុប៤៧ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ ២១ករណី និងបទល្មើសមជ្ឈិម២៦ករណី។ ក្នុងចំណោមបទល្មើសទាំងអស់នោះ លោកអភិបាលរងបានបង្ហាញលទ្ធផលនៃការបង្ក្រាបបានមានចំនួន៤៦ករណី ឃាត់ខ្លួនមនុស្សបាន៧២នាក់។ លោកអះអាងថា ចំនួននេះ បើធៀបនឹងឆ្នាំ២០២៤ នៃឆមាសទី១ដូចគ្នា មានការថយចុះរហូតទៅដល់៧៣%។
លោក អន ភារៈ បានលើកឡើងទៀតថា ក្នុងរយៈពេល៦ខែនេះដែរ សមត្ថកិច្ចក៏បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន៦៥ករណី ឃាត់ខ្លួនមនុស្សបានចំនួន១៣៣នាក់ បញ្ជូនទៅតុលាការ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សមត្ថកិច្ចក៏បានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ចំនួន ៧.១៤៧លើក ដោយមានអ្នកចូលរួមចំនួន ៤៩៨.៥៨១នាក់។
បើតាម លោក អន ភារៈ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគោលការណ៍ណែនាំជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រី បង្កើនការផ្សព្វផ្សាយ និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីថែរក្សាការពារ និងធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។
សូមបញ្ជាក់ថា ខេត្តព្រៃវែង មានក្រុង ស្រុក ចំនួន១៣ មាន ១១៦ឃុំ-សង្កាត់ មានភូមិចំនួន ១.១៦៨ភូមិ និងមានផ្ទៃដីសរុប ៤ ៨៨៣គីឡូម៉ែត្រក្រឡា ស្មើនឹង៤៨៨ ៣០០ ហិចតា។ ចំនួននេះ មិនទាន់គិតបញ្ចូលផ្ទៃដីដែលកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តព្រៃវែង និងខេត្តស្វាយរៀងចំនួន១.៧៨៨ ហិចតា៕
ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ