ភ្នំពេញ ៖ សត្វត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។
យោងតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថា ៖ ក្នុងការធ្វើជំរឿនសត្វត្រយងចង្កំគឺជាសកម្មភាពដ៏សំខាន់មួយសម្រាប់តាមដានពីនិន្នការនៃការផ្លាស់ប្ដូរនិងការប្រែប្រួលនៃចំនួនបក្សីដ៏កម្រនេះក្នុងរដូវមិនបន្តពូជ។ ទិន្នន័យនេះនឹងជួយដល់ការរៀបចំផែនការអភិរក្សប្រកបដោយប្រសិទ្ធភាពនៅពេលអនាគត។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថាតាមរយៈ របាយការណ៍ជំរឿនប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញពីសញ្ញាវិជ្ជមាន ដោយក្រុមការងារអភិរក្សបានកត់ត្រា សត្វត្រយងចង្កំកសបានចំនួនរហូតដល់ ២៩ក្បាល។ ចំនួននេះគឺជាតួលេខខ្ពស់ បើធៀបនឹងការជំរឿនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៤) ដោយក្រុមការងារកត់ត្រាចំនួនខ្ពស់បំផុតត្រឹមតែ ២៦ក្បាល ប៉ុណ្ណោះ។
ទិន្នន័យនេះសបញ្ជាក់យ៉ាងច្បាស់ថា ដែនជម្រកសត្វព្រៃលំផាត់គឺជាបេះដូងដែលកំពុងជួយទ្រទ្រង់ និងគាំទ្រដល់ការបន្តពូជ និងការរស់នៅរបស់សត្វត្រយងចង្កំកសនិងសត្វព្រៃដទៃទៀត ព្រមទាំងបង្ហាញពីសក្ដានុពល និងប្រសិទ្ធភាពនៃការខិតខំប្រឹងប្រែងអភិរក្សផងដែរ។
គួរបញ្ជាក់ថាសត្វត្រយងចង្កំកស មានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ។
ដែនជម្រកសត្វព្រៃលំផាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ទីជម្រកដ៏មានសុវត្ថិភាព ដល់សត្វត្រយងចង្កំកសដែលជាបក្សីជិតផុតពូជបំផុតមួយនៅលើពិភពលោក។
បច្ចុប្បន្ន ក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងធ្វើជំរឿនសត្វត្រយងចង្កំកសនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងឆ្នាំ២០២៥នេះ៕
ដោយ ៖ សិលា